លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានចេញមុខប្រតិកម្ម ក្រោយប្រទេសសម្ព័ន្ធមិត្តចំនួនបីរបស់សហរដ្ឋអាមេរិកបានចូលរួមជាមួយសេតវិមានក្នុងការប្រកាសពហិការការទូតនៃកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្សរបស់ប្រទេសចិន។
នៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃពុធ លោក Bach បានបន្តមើលស្រាលសក្តានុពលនៃការធ្វើពហិការ ដែលរហូតមកដល់ពេលនេះត្រូវបានប្រកាសដោយប្រទេសអូស្ត្រាលី កាណាដា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
នៅពេលអ្នកកាសែតបានសួរលោកថាតើលោកមានការព្រួយបារម្ភចំពោះការប្រកាសធ្វើពហិការការទូតនេះដែរឬទេ លោកបាននិយាយថា លោកផ្តោតតែទៅលើការចូលរួមរបស់អត្តពលិកមកពីប្រទេសនីមួយៗនោះទេ ដែលពួកគេនឹងបង្ហាញខ្លួន។
លោក Bach បាននិយាយថា៖ “វត្តមានរបស់មន្ត្រីរដ្ឋាភិបាលគឺជាការសម្រេចចិត្តនយោបាយសុទ្ធសាធសម្រាប់រដ្ឋាភិបាលនីមួយៗ។ ហើយសម្រាប់ការសម្រេចចិត្តផ្នែកនយោបាយនេះដែរ គោលការណ៍អព្យាក្រឹតភាពនយោបាយរបស់ IOC ត្រូវបានអនុវត្ត”។
គួរបញ្ជាក់ផងដែរថា IOC ជាយូរយារណាស់មកហើយគឺតែងតែនៅពីលើឬនៅក្រៅសង្វៀននយោបាយ បើទោះបីជាអ្នករិះគន់និយាយថា ស្ថាប័ននេះទទួលយកតែទទួលដឹងលឺឬមិនអើពើនឹងបញ្ហានយោបាយ ដែលអាចផ្ដល់ផលប្រយោជន៍ឱ្យក្ដី៕\