អត្ថបទ និង រូបភាព ទឹម រតនា
ភ្នំពេញ៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៨០គ្រួសារនៅផ្លូវ រថភ្លើង តំបន់បឹងកក់ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវភ្លើងឆេះបំផ្លាញគ្មានសល់ ត្រូវបានអាជា្ញធបានចុះទៅពិនិត្យសួរសុខទុក និងនាំយកអំណោយរបស់កាកបាទក្រហមកម្ពុជាផ្ដល់ជូន។
ជាក់ស្ដែងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហម កម្ពុជា ខណ្ឌដូនពេញ បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយអគ្គីភ័យចំនួន ៨០គ្រួសារ នៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងភូមិ៣ ក្រុម ៣៤,៣៥,៣៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោមអធិបតីភាពលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជា រាជធានីភ្នំពេញ នៅទីតាំងនៅក្នុងបរិវេណរាជាយស្ម័យាន។
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សំរាប់ជូនដល់បងប្អូនដែលបានរងគ្រោះ សំរាប់ ដោះស្រាយជីវភាពប្រចាំថ្ងៃ រួមមាន អង្គចំនួន០១បាវ ទឹកបរិសុទ្ធចំនួន០១កេស មីចំនួន០១កេស ទឹក ស៊ីអ៊ីវ ចំនួន ០១យួរ ទឹកត្រី ចំនួន០១យួរ ត្រីខចំនួន០១យួរ តង់ចំនួន០១ និង ថវិកា ចំនួន ៥០,០០០រៀល ផងដែរ។
គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង០៦ និង៣៥នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ មាន ករណី អគ្គិភ័យ បានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋនៅតំបន់ផ្លូវរថភ្លើង អស់ចំនួន៨០ខ្នងផ្ទះ តែ សំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ៕