អន្តរជាតិ៖អគ្គនាយកអង្គការសុខភាពពិភពលោក(WHO)លោកTedros Adhanom បានឱ្យដឹងថា COVID-19 បានឆក់យកជីវិតមនុស្សប្រហែល ៥ម៉ឺននាក់រៀងរាល់សប្តាហ៍នៅទូទាំងពិភពលោក។
លោក Tedros បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ ជាកន្លែងដែលលោកបានរំលឹកឡើងវិញនូវការអំពាវនាវឱ្យមានសមធម៌វ៉ាក់សាំង។
ប្រធានអង្គការWHOរូបនេះបានលើកឡើងថាលោកគ្មានការងឿងឆ្ងល់ទេថាការចែករំលែកមិនស្មើភាពនៃវ៉ាក់សាំងទាំងនោះបានធ្វើឱ្យជីវិតមនុស្សជាច្រើននាក់ស្លាប់។
លោកបានបន្ថែមថាឆ្នាំ២០២១ជាឆ្នាំដែលពិភពលោកបានបាត់បង់មនុស្ស ៣.៥ លាននាក់ដោយសារ COVID-19 – ជាការស្លាប់ច្រើនជាងមេរោគអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺរបេងដែលបូកបញ្ចូលគ្នាក្នុងឆ្នាំ២០២០។COVID-19 នៅតែបន្តឆក់យកជីវិតមនុស្សប្រហែល ៥ម៉ឺននាក់ជារៀងរាល់សប្តាហ៍។
មកទល់ពេលនេះ ជំងឺរាតត្បាតសកលកូវីដ-១៩បានសម្លាប់មនុស្សជាង៥.៣លាននាក់នៅទូទាំងពិភពលោកចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើង។
ជារឿយៗលោកTedros បានអំពាវនាវឱ្យមានសមធម៌វ៉ាក់សាំងជាមធ្យោបាយមួយដើម្បីដោះស្រាយមេរោគ ដោយកត់សម្គាល់ថាគ្មានប្រទេសណាមានសុវត្ថិភាពឡើយ រហូតទាល់តែទាំងអស់មានសុវត្ថិភាព។
នៅក្នុងសុន្ទរកថារបស់នាយកអង្គការWHOកាលពីថ្ងៃពុធ, លោកបានបង្ហាញថាមានតែពាក់កណ្តាលនៃរដ្ឋសមាជិករបស់ WHO ប៉ុណ្ណោះដែលអាចសម្រេចគោលដៅនៃការចាក់វ៉ាក់សាំង៤០ភាគរយនៃចំនួនប្រជាជនរបស់ពួកគេនៅចុងឆ្នាំនេះ។
លោកបានបន្ថែមថាពិភពលោកនឹងមានវ៉ាក់សាំងគ្រប់គ្រាន់តាំងពីខែកញ្ញាមកម្លេះ ប្រសិនបើវ៉ាក់សាំងទាំងនោះត្រូវបានចែកចាយដោយសមធម៌ តាមរយៈយន្តការCOVAX និង AVAT៕