ជប៉ុននឹងមិនបញ្ជូនគណៈប្រតិភូរដ្ឋាភិបាលទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំក្រោយនៅទីក្រុងប៉េកាំងទេ ដែលជាការចូលរួមក្នុងការធ្វើពហិការការទូតដែលដឹកនាំដោយសហរដ្ឋអាមេរិក ប៉ុន្តែទោះជាយ៉ាងនេះក្តី សកម្មភាពនេះទំនងជាធ្វើឱ្យមានភាពតានតឹងកាន់តែស៊ីជម្រៅជាមួយប្រទេសចិន។
ការធ្វើពហិការដែលជំរុញដោយទីក្រុងវ៉ាស៊ីនតោន និងរួមទាំងសម្ព័ន្ធមិត្តមួយចំនួនបានក្លាយទៅជាបញ្ហាមួយផ្សេងទៀតសម្រាប់ប្រទេសជប៉ុន ដែលជាដៃគូជិតស្និទ្ធរបស់សហរដ្ឋអាមេរិកដែលមានទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំជាមួយប្រទេសចិនផងដែរ។
លោក Hirokazu Matsuno ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ទីក្រុងតូក្យូនឹងមិនបញ្ជូនគណៈប្រតិភូរដ្ឋាភិបាលទៅចូលរួមព្រឹត្តិការណ៍កីឡាដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងខែកុម្ភៈនោះទេ។
ជំនួសមកវិញ ជប៉ុននឹងបញ្ជូនមន្ត្រីមួយចំនួនដែលមានទំនាក់ទំនងផ្ទាល់ក្នុងព្រឹត្តិការណ៍កីឡា រួមទាំងលោក Seiko Hashimoto ប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍តូក្យូ ២០២០ ក៏ដូចជាប្រធានគណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកក្នុងស្រុក។
ការធ្វើពហិការការទូតដោយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត កើតចេញពីការព្រួយបារម្ភអំពីសិទ្ធិមនុស្សនៅក្នុងប្រទេសចិន ប៉ុន្តែប្រទេសជប៉ុនបានប្រើសំឡេងស្រាលជាងលើបញ្ហានេះ។
ទូរទស្សន៍ NHK បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី Fumio Kishida បានប្រឈមមុខនឹងសម្ពាធ ដែលបន្ដកើនឡើងនៅក្នុងគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច ឱ្យប្រកាន់ជំហរតឹងរ៉ឹងលើប្រទេសចិន៕