អន្តរជាតិ៖រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Faisal Mekdad បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីយប់ថ្ងៃចន្ទថា សហរដ្ឋអាមេរិកកំពុងលួចធនធានធម្មជាតិ និងដាក់ទណ្ឌកម្មខុសច្បាប់ជាច្រើនថែមទៀតប្រឆាំងនឹងប្រទេសស៊ីរី។
លោកMekdad បានប្រាប់ទូរទស្សន៍រដ្ឋស៊ីរីថា កងកម្លាំងសហរដ្ឋអាមេរិកដោយមានជំនួយពីកងជីវពលនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) នៅតែបន្តលួចប្រេង ស្រូវសាលី និងកប្បាសពីប្រទេសស៊ីរី។
លោកបាននិយាយថា កងកម្លាំងប្រជាធិបតេយ្យស៊ីរី ដោយមានជំនួយពីកងកម្លាំងសហរដ្ឋអាមេរិកកំពុងចាប់ខ្លួនមនុស្ស៦ម៉ឺននាក់នៅក្នុងជំរុំជនភៀសខ្លួន al-Hol នៅភាគឦសានប្រទេសស៊ីរីដោយកត់សម្គាល់ថាក្រុមនេះកំពុងលួចជំនួយដែលបានបញ្ជូនទៅដើម្បីផ្គត់ផ្គង់ជនភៀសខ្លួន។
ជាមួយគ្នានេះ លោក Mekdad បានអះអាងថា ការដាក់ទណ្ឌកម្មទាំងឡាយរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសស៊ីរី គឺជាអំពើខុសច្បាប់ហើយមានគោលបំណងធ្វើឱ្យប្រទេសមានអស្ថិរភាព៕