ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានសមភាគីសហរដ្ឋអាមេរិក លោក ចូ បៃដិន ថា ការដាក់ទណ្ឌកម្មថ្មីជុំវិញភាពតានតឹងនៅអ៊ុយក្រែន អាចនាំឱ្យមានការបែកបាក់ទាំងស្រុងនៅក្នុងទំនាក់ទំនង។ នៅក្នុងការហៅទូរស័ព្ទកាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីរុស្ស៊ីបាននិយាយថា ការដាក់ទណ្ឌកម្មបែបនេះនឹងក្លាយជា “កំហុសដ៏ធំ”។
ទន្ទឹមនឹងនេះ លោក បៃឌិន បានប្រាប់លោក ពូទីន ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការលុកលុយណាមួយរបស់អ៊ុយក្រែន។ ការហៅទូរស័ព្ទដែលស្នើដោយរុស្ស៊ី គឺជាការសន្ទនាលើកទីពីររបស់មេដឹកនាំកំពូលទាំងពីររូប ដែលមានរយៈពេលជិតមួយម៉ោង។
វាបានកត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់ដើម្បីលុបបំបាត់ភាពតានតឹងជុំវិញព្រំដែនភាគខាងកើតរបស់អ៊ុយក្រែនជាមួយរុស្ស៊ី ដែលមន្ត្រីអ៊ុយក្រែនបាននិយាយថា ទាហានរុស្ស៊ីជាង ១០ ម៉ឺននាក់ត្រូវបានដាក់ពង្រាយ។
ការបង្កើនកម្លាំងទ័ពនេះបានជំរុញឱ្យមានការព្រួយបារម្ភនៅប្រទេសលោកខាងលិច ដោយសហរដ្ឋអាមេរិកបានគំរាមកំហែងលោក ពូទីន ក្រោមរូបភាពការដាក់ទណ្ឌកម្ម “ដែលមិនធ្លាប់មាន” ប្រសិនបើអ៊ុយក្រែនរងការវាយប្រហារ។
យ៉ាងណាមិញ រុស្ស៊ីបានច្រានចោលថា ខ្លួនគ្មានគម្រោងវាយលុកប្រទេសនេះឡើយ និងបានបញ្ជាក់ថា ទាហាននៅទីនោះសម្រាប់ធ្វើសមយុទ្ធ ហើយខ្លួនមានសិទ្ធិផ្លាស់ទីកងទ័ពរបស់ខ្លួនដោយសេរីនៅលើដីរបស់ខ្លួន។
ទោះបីជាភាគីទាំងពីរបានផ្លាស់ប្តូរការព្រមានក្នុងអំឡុងពេលហៅទូរស័ព្ទក៏ដោយ ទីប្រឹក្សាគោលនយោបាយការបរទេសរុស្ស៊ីលោក Yuri Ushakov បានប្រាប់អ្នកសារព័ត៌មានភ្លាមៗថា លោក ពូទីន “រីករាយ” ជាមួយនឹងការសន្ទនា។ លោកបានបន្ថែមថា កិច្ចសន្ទនានេះបានបង្កើតនូវទិដ្ឋភាពដ៏ល្អសម្រាប់កិច្ចពិភាក្សានាពេលអនាគត៕