ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយ កាលពីថ្ងៃអង្គារថា លោកមានបំណងចង់ឱ្យក្រុមអ្នកមិនចាក់វ៉ាក់សាំងខឹងសម្បារ។ លោកបានធ្វើការកត់សម្គាល់បែបបចំអកនេះ ចំពេលមានការថ្កោលទោសពីបក្សប្រឆាំង ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនឹងត្រូវធ្វើឡើងក្នុងពេល ៤ខែខាងមុខ។
លោក Macron បានប្រាប់កាសែត Le Parisien ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីយប់ថ្ងៃអង្គារថា៖ “ចំពោះអ្នកដែលមិនបានទទួលថ្នាំបង្ការ ខ្ញុំពិតជាចង់ធ្វើឱ្យពួកគេខឹងសម្បាររហូតដល់ទីបញ្ចប់។ នេះគឺជាយុទ្ធសាស្ដ្រ”។
ប្រទេសបារាំងកាលពីឆ្នាំមុនបានអនុម័តឱ្យប្រើប្រាស់ប័ណ្ណសុខភាព ដែលប្រជាជនចាំបាច់ត្រូវបង្ហាញមុនចូលក្នុងភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងផ្សេងៗទៀត។ រដ្ឋាភិបាលមានបំណងចង់ប្រែក្លាយប័ណ្ណសុខភាពនេះទៅជា “លិខិតឆ្លងដែនវ៉ាក់សាំង” ដែលមានន័យថា មានតែអ្នកទទួលថ្នាំបង្ការប៉ុណ្ណោះដែលអាចមានលិខិតឆ្លងដែនសុខភាពបាន។
លោកប្រធានាធិបតីបានបញ្ជាក់ថា៖ “ខ្ញុំនឹងមិនបញ្ជូនអ្នកមិនទាន់ចាក់វ៉ាក់សាំងទៅពន្ធនាគារទេ ហើយខ្ញុំក៏មិនចាប់បង្ខំឱ្យចាក់វ៉ាក់សាំងផងដែរ។ ប៉ុន្ដែសូមប្រាប់ពួកគេថា ចាប់ពីថ្ងៃទី១៥ ខែមករាតទៅ ពួកគេមិនអាចទៅភោជនីយដ្ឋាន រោងកុន ផឹកកាហ្វេបានទៀតទេ”។
លោក Macron ត្រូវបានរងការរិះគន់នាពេលកន្លងមកចំពោះការកត់សម្គាល់បែបចំអកឡកឡឺយ ដែលប្រជាជនបារាំងជាច្រើនបានលើកឡើងថាជាការក្រអឺតក្រទម ឬមើលងាយ។ ក្រោយការរិះគន់ លោកបានសម្ដែងការសោកស្ដាយជាច្រើនលើក។
នៅក្នុងបទសម្ភាសលម្អិតជាលើកដំបូងក្នុងឆ្នាំថ្មីនេះរបស់លោកប្រធានាធិបតី Macron លោកបាននិយាយថា លោកបានគិតគូរក្នុងការឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនៅក្នុងខែមេសា ប៉ុន្តែមិនទាន់ប្រកាសគោលបំណងក្នុងការប្រកួតប្រជែងនៅឡើយទេ៕