តម្លៃអ៊ុយរ៉ាញ៉ូមបានហក់ឡើង ខណៈដែលកាហ្សាក់ស្ថានដែលជាអ្នកផលិតអ៊ុយរ៉ាញ៉ូម (លោហធាតុវិទ្យុសកម្ម) ធំជាងគេរបស់ពិភពលោកកំពុងប្រឈមមុខនឹងការតវ៉ាហិង្សាដ៏ធំមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។
ប្រទេសនៅតំបន់អាស៊ីកណ្តាល ដែលជាផ្នែកមួយនៃអតីតសហភាពសូវៀត និងជាប្រទេសផលិតអ៊ុយរ៉ាញ៉ូមច្រើនជាង ៤០% នៃពិភពលោក បានដាក់ការរឹតបន្ដឹងលើប្រព័ន្ធទំនាក់ទំនងនិងដាក់កម្រិតលើការធ្វើដំណើរក្នុងគោលបំណងបង្ក្រាបការបះបោរ។
វិមានក្រឹមឡាំងបាននិយាយថា ប្រទេសរុស្ស៊ីនិងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នឹងបញ្ជូនកងកម្លាំងរក្សាសន្តិភាព បន្ទាប់ពីប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev បានអំពាវនាវសុំជំនួយ។
អ៊ុយរ៉ាញ៉ូម កាលពីថ្ងៃអង្គារ មានតម្លៃ ៤២ ដុល្លារក្នុងមួយផោន ហើយនៅថ្ងៃពុធ តម្លៃនេះបានកើនឡើងជិត ៨% ប្រហែល ៤៥.២៥ ដុល្លារក្នុងមួយផោន។ នេះបើយោងតាមទិន្នន័យក្រុមហ៊ុន UxC ។ ភាពចលាចលនេះអាចនាំឱ្យមានការពឹងផ្អែកកាន់តែច្រើនលើអ្នកផ្គត់ផ្គង់នៅខាងក្រៅកាហ្សាក់ស្ថាន ដែលបណ្តាលឱ្យមានការកើនឡើងនៃភាគហ៊ុនរបស់ក្រុមហ៊ុនអ៊ុយរ៉ាញ៉ូមនៅតំបន់អាមេរិកខាងជើង និងអូស្ត្រាលី។
លោក Jonathan Hinze ប្រធានក្រុមហ៊ុន UxC ដែលជាក្រុមហ៊ុនស្រាវជ្រាវ និងវិភាគទីផ្សារឥន្ធនៈនុយក្លេអ៊ែរឈានមុខគេបាននិយាយថា៖ “ដោយសារតួនាទីរបស់កាហ្សាក់ស្ថានជាអ្នកផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូមលំដាប់ទី ១ របស់ពិភពលោក វាអាចប្រៀបប្រដូចទៅនឹងអារ៉ាប់មានបញ្ហាប្រេង”។
ឥន្ធនៈនុយក្លេអ៊ែរ ឬឥន្ធនៈសម្រាប់ម៉ាស៊ីនប្រតិកម្មបានកើនឡើងតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងខែកញ្ញា ជាមួយនឹងការហក់ឡើង ២៤% ដែលមិនធ្លាប់មានចាប់តាំងពីចុងឆ្នាំ២០០៨។ វិនិយោគិនកំពុងភ្នាល់ថាឥន្ធនៈនុយក្លេអ៊ែរនឹងទាក់ទាញចំណាប់អារម្មណ៍ខ្លាំង ខណៈពេលដែលរដ្ឋាភិបាលកំពុងងាកចេញពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល៕