ថ្លែងពីខាងក្នុងវិមានកាពីតូលរបស់សហរដ្ឋអាមេរិកក្នុងឱកាសខួបនៃការវាយប្រហារថ្ងៃទី៦ ខែមករា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន បានជំរុញនិងលើកទឹកចិត្តប្រជាជនឱ្យបដិសេធអំពើហិង្សានយោបាយ និងប្ដេជ្ញាសាជាថ្មីចំពោះការការពារលទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមអាមេរិក។
លោកបានមានប្រសាសន៍ថា៖ “អ្នកមិនអាចមិនស្រឡាញ់ប្រទេសរបស់អ្នក នៅពេលដែលអ្នកឈ្នះឡើយ។ អ្នកមិនអាចមិនគោរពច្បាប់ នៅពេលដែលគ្មានអ្នកចាប់អារម្មណ៍។ ជាតិនិយមមិនអាចកើតមាននោះទេ ប្រសិនបើអ្នកទទួលនិងអនុញ្ញាតឱ្យមានពាក្យកុហក”។
សុន្ទរកថារបស់លោកប្រធានាធិបតីត្រូវបានគេមើលឃើញថាជា ការប្រើប្រាស់ពាក្យមុតស្រួច ដែលទំនងសំដៅដល់លោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ ជាលើកដំបូងបំផុតចាប់តាំងពីលោកចូលកាន់តំណែងកាលពីដើមឆ្នាំមុន។ លោក បៃឌិន បានរិះគន់អតីតប្រធានាធិបតីថា “អង្គុយមិនអើពើអស់ជាច្រើនម៉ោង” ខណៈដែលក្រុមបាតុករបានសម្រុកចូលវិមានកាពីតូល និងប៉ុនប៉ងមិនឱ្យសភាបញ្ជាក់លទ្ធផលបោះឆ្នោត។
លោក បៃឌិន បានបន្ដថា៖ “អតីតប្រធានាធិបតីឱ្យតម្លៃលើអំណាចជាជាងលើគោលការណ៍។ ដោយសារគេមើលឃើញផលប្រយោជន៍បុគ្គលសំខាន់ជាងផលប្រយោជន៍ប្រទេស សំខាន់ជាងផលប្រយោជន៍អាមេរិក ហើយដោយសារតែភាពអាត្មានិយមរបស់អតីតប្រធានាធិបតីមានទម្ងន់ធ្ងន់ជាងងលទ្ធិប្រជាធិបតេយ្យឬរដ្ឋធម្មនុញ្ញរបស់យើង”។
លោកប្រធានាធិបតីបានបន្ដថា៖ “នេះមិនមែនជាការបន្ទុចបង្អាក់ហេតុការណ៍កាលពីអតីតឡើយ ប៉ុន្ដែនេះជាការធ្វើឱ្យប្រាកដថា រឿងរ៉ាវកាលពីអតីតមិនត្រូវបានគេកប់ចោល”។
លោកបានសង្កត់ធ្ងន់ថា ៖ “ខ្ញុំនឹងការពារប្រទេសជាតិ ហើយខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកណាម្នាក់គំរាមកំហែងលទ្ធិប្រជាធិបតេយ្យឡើយ។ យើងនឹងធ្វើឱ្យប្រាកដថា ឆន្ទៈរបស់ប្រជាជនមិនត្រូវបានអើពើ”៕