បណ្តាប្រទេសចំនួន១៥នៅតំបន់អាហ្វ្រិកខាងលិចបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួននឹងបិទព្រំដែនជាមួយប្រទេសម៉ាលី ផ្តាច់ទំនាក់ទំនងការទូត និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹង ដើម្បីឆ្លើយតបទៅនឹងការពន្យារពេលការបោះឆ្នោត ដែលមិនអាចទទួលយកបាន បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២០។
វិធានការថ្មីៗពីសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) តំណាងឱ្យការពង្រឹងជំហររបស់ខ្លួនចំពោះប្រទេសម៉ាលី ដែលអាជ្ញាធរបណ្តោះអាសន្នរបស់ពួកគេបានស្នើឱ្យរៀបចំការបោះឆ្នោតនៅខែធ្នូ ឆ្នាំ២០២៥ ជំនួសឱ្យការរៀបចំនៅខែកុម្ភៈនេះ ដូចដែលបានព្រមព្រៀងដំបូងជាមួយប្លុក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូលបន្ទាន់មួយនៅក្នុងរដ្ឋធានី Accra ប្រទេសហ្គាណា អង្គការ ECOWAS បាននិយាយថា ខ្លួនបានរកឃើញកាលវិភាគដែលបានស្នើឡើងសម្រាប់ការផ្លាស់ប្តូរត្រឡប់ទៅការគ្រប់គ្រងរដ្ឋធម្មនុញ្ញវិញ ហើយការរកឃើញនេះគឺមិនអាចទទួលយកបានទាំងស្រុង។
អង្គការ ECOWAS បានបន្ថែមថា កាលវិភាគនេះមានន័យថា រដ្ឋាភិបាលអន្តរកាលយោធាខុសច្បាប់ នឹងចាប់ប្រជាជនម៉ាលីធ្វើជាចំណាប់ខ្មាំង។
អង្គការនេះបានបន្ថែមថា ខ្លួនបានយល់ព្រមដាក់ទណ្ឌកម្មបន្ថែមដោយមានប្រសិទ្ធិភាពភ្លាមៗ ដោយក្នុងនោះរួមមានការបិទព្រំដែនដីគោក និងផ្លូវអាកាសរបស់សមាជិករដ្ឋជាមួយប្រទេសម៉ាលី ការផ្អាកប្រតិបត្តិការហិរញ្ញវត្ថុមិនសំខាន់ ការបង្កកទ្រព្យសម្បត្តិរដ្ឋម៉ាលីនៅក្នុងធនាគារពាណិជ្ជ ECOWAS និងការកោះហៅឯកអគ្គរដ្ឋទូតរបស់ពួកគេចូលប្រទេសដើមវិញ។
ទន្ទឹមនេះ សហភាពរូបិយវត្ថុក្នុងតំបន់ UEMOA បានណែនាំដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ដែលស្ថិតនៅក្រោមឆ័ត្ររបស់ខ្លួន ឱ្យផ្អាកប្រតិបត្តិការជាមួយប្រទេសម៉ាលីជាបន្ទាន់ ដោយកាត់ផ្តាច់ការចូលដំណើរការរបស់ប្រទេសនេះទៅកាន់ទីផ្សារហិរញ្ញវត្ថុក្នុងតំបន់។ មកទល់ពេលនេះ ពុំទាន់មានការឆ្លើយតបភ្លាមៗពីអាជ្ញាធរម៉ាលីជុំវិញករណីនេះនៅឡើយទេ៕