បាត់ដំបង៖ អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចនៃក្រសួងពាណិជ្ជកម្ម លោក សំរិទ្ធិ សាកូរ៉ា បានថ្លែងយ៉ាងដូច្នេះថា ដំឡូងមី គឺជាដំណាំដ៏មានសារៈសំខាន់ទី២ បន្ទាប់ពីដំណាំស្រូវ ក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលដំណាំដំឡូងមីជាទូទៅប្រជាកសិករនិយមដាំ ដើម្បីយកមើម ពីព្រោះដំណាំប្រភេទនេះងាយស្រួលដាំ និងមានភាពធន់ទ្រាំទៅនឹងការរាំងស្ងួត ហើយនៅក្នុងប្រទេសកម្ពុជា តំបន់ដែលមានការដាំដុះដំណាំប្រភេទនេះច្រើន គឺខេត្តបាត់ដំបង កំពង់ចាម កំពង់ស្ពឺ សៀមរាប និងខេត្តកំពង់ធំ ។
ការថ្លែងរបស់លោក សំរិទ្ធិ សាកូរ៉ា យ៉ាងដូច្នេះ ធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ នៅចម្ការដំឡូងមីរបស់កសិកឈ្មោះ ស៊ុយ ដាញ់ នៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងឱកាសដែលក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ក្រោមការរៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម (GDA) និងមានការគាំទ្រថវិកា ដោយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) របស់ក្រសួងពាណិជ្ជកម្ម បានបើកទិវាចម្ការបង្ហាញផលិតកម្មពូជដំណាំដំឡូងមីដែលមានសុខភាពល្អ ដើម្បីធ្វើការពន្យល់និងណែនាំឱ្យកសិករចេះជ្រើសរើសពូជដំឡូងមី ដែលមានសុខភាពល្អតាមបច្ចេកទេសមកដាំដុះ ចៀសវាងការដាំដុះតាមទម្លាប់ ។
លោក បានណែនាំដល់កសិករក្នុងសហគមន៍ ដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីការធ្វើផលិតកម្មលើដំណាំដំឡូងមីដែលមានគុណភាពគេចផុតពីជំងឺផ្សេងៗទៀតដូចជា ជំងឺម៉ូសាអ៊ិច រុយសលើដំណាំដំឡូងមី និងជំងឺកញ្ចុំស្លឹក ព្រមទាំងការផ្តល់នូវជំនាញនិងវិធានការគ្រប់គ្រងការរាតត្បាតដើម្បីទប់ស្កាត់នូវការខូចខាតនិងខាតបង់ថ្លៃដើមផលិត របស់ប្រជាកសិករ
លោក យិន ច័ន្ទសុធី ក្រុមការងារអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច និងលោក កុយ ហួត អគ្គនាយករងកសិកម្មនៃក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់និងនេសាទ បានបញ្ជាក់ថា គោលបំណងនៃទិវាចម្ការបង្ហាញដំណាំដំឡូងមីនាពេលនេះ គឺដើម្បីពង្រឹងសមត្ថភាពកសិករទៅលើបច្ចេកទេសដាំដុះដំណាំដំឡូងមី ការពង្រឹងកិច្ចអភិវឌ្ឍន៍ពូជដំឡូងមីស្អាតមានគុណភាពល្អនៅតាមសហគមន៍ បង្កើតបណ្តាញទីផ្សារពូជសម្រាប់ឈ្មួញតូចតាច និងបញ្ជ្រាបទៅអ្នកផលិត និងវិធានការគ្រប់គ្រងសមាសភាពចង្រៃមួយចំនួនលើដំណាំដំឡូងមី រួមមាន ជំងឺម៉ូសាអ៊ិច និងជំងឺកញ្ចុំស្លឹកជាដើម ។
សូមបញ្ជាក់ថា តាមរយៈនៃការធ្វើបទបង្ហាញនេះបានធ្វើការប្រៀបធៀបគ្នារវាងការដាំដំឡូងមីតាមបែបទម្លាប់ និងការដាំដំឡូងមីតាមបច្ចេកទេស ឃើញថា មានភាពខុសគ្នាខ្លាំង គឺការដាំដំឡូងមីក្នុងទំហំផ្ទៃដីដូចគ្នា និងមានចំនួនដើមដូចគ្នា តែទិន្នផលវិញខុសគ្នាខ្លាំង មានន័យថា ការដាំតាមបែបទម្លាប់ទិន្នផលជាមធ្យម២២.៩៥២តោនក្នុង១ហ.ត ដោយឡែកការដាំតាមបច្ចេកទេសទិន្នផលជាមធ្យមគឺ៤២.០៨៨តោន ក្នុងមួយហ.ត ៕