មន្ត្រីពន្ធនាគារកំពូលស្រីលង្កាម្នាក់ត្រូវបានកាត់ទោសប្រហារជីវិត ជុំវិញការសម្លាប់រង្គាលអ្នកទោស២៧នាក់ក្នុងការប្រហារជីវិតមួយ ដែលទាក់ទាញការថ្កោលទោសពីសំណាក់អន្តរជាតិ។
តុលាការជាន់ខ្ពស់ទីក្រុងកូឡុំបូកាលពីថ្ងៃពុធបានកាត់ទោសស្នងការពន្ធនាគារលោក Emil Lamahewage ប៉ុន្តែបានដោះលែងសហជនជាប់ចោទរបស់លោកគឺមេបញ្ជាការប៉ូលីស លោក Moses Rangajeewa ជុំវិញការសម្លាប់កាលពីខែវិច្ឆិកា ឆ្នាំ២០១២។
អ្នកទាំងពីរត្រូវបានចោទប្រកាន់កាលពីខែកក្កដា ឆ្នាំ២០១៩ ពីការជាប់ពាក់ព័ន្ធក្នុងការសម្លាប់នៅពន្ធនាគារ Welikada ដ៏សំខាន់របស់ប្រទេសស្រីលង្កាក្នុងទីក្រុង Colombo ។ អ្នកទោសសរុបចំនួន ២៧ នាក់ត្រូវបានបាញ់សម្លាប់ ប៉ុន្តែភស្តុតាងត្រូវបានប្រមូលផ្តុំទាក់ទងនឹងមនុស្សតែប្រាំបីនាក់ប៉ុណ្ណោះ។
កងកុម្ម៉ង់ដូប៉ូលីស ត្រូវបានប្រើដើម្បីបង្ក្រាបកុបកម្មនៅពន្ធនាគារ Welikada និងដកហូតអាវុធពីអ្នកទោសដែលបានចោទប្រកាន់ថាបានយកអាវុធពីឃ្លាំងអាវុធ។
យោងតាមរដ្ឋអាជ្ញា អ្នកទោសចំនួនប្រាំបីនាក់ត្រូវបានហៅឱ្យដើរចេញពីជួរនិងត្រូវបានសម្លាប់តាមបែបបាញ់ប្រហារជីវិត។ អ្នកផ្សេងទៀតក៏ត្រូវបានគេបាញ់សម្លាប់ដែរ។ឯកសារតុលាការបានបញ្ជាក់ថា អាវុធ ក្រោយមក ត្រូវបានគេរៀបចំហាក់ដូចជាចង់បង្ហាញថា ជនរងគ្រោះប្រើប្រាស់អាវុធនេះដើម្បីបាញ់ឆ្មាំគុក។ ទោះជាយ៉ាងនេះក្ដី ឆ្មាំគុកមិនបានបញ្ជាក់ថានរណាជាអ្នកបញ្ជាឲ្យសម្លាប់នោះទេ។
ការសម្លាប់រង្គាលឆ្នាំ២០១២ គឺជាអំពើហិង្សាក្នុងពន្ធនាគារដ៏អាក្រក់បំផុតនៅក្នុងប្រទេសកោះនេះ មិនធ្លាប់មានចាប់តាំងពីអ្នកទោសចំនួន ៥០ នាក់ត្រូវបានកាប់សម្លាប់នៅក្នុងកុបកម្មកាលពីខែកក្កដា ឆ្នាំ១៩៨៣៕