តុលាការកំពូលរបស់សហរដ្ឋអាមេរិកបានរារាំងច្បាប់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន ដែលតម្រូវឱ្យបុគ្គលិកនៅតាមក្រុមហ៊ុនធំៗត្រូវចាក់វ៉ាក់សាំង ឬពាក់ម៉ាស់ និងធ្វើតេស្តរៀងរាល់សប្តាហ៍ជាកំហិត។
ចៅក្រមតុលាការកំពូលរបស់ប្រទេសបាននិយាយថា ការកំណត់កាតព្វកិច្ចដូច្នេះលើសពីសិទ្ធិអំណាចរបស់រដ្ឋបាលលោក បៃឌិន។ ជាការឆ្លើយតប រដ្ឋបាលលោក បៃឌិន បានបញ្ជាក់ថា កាតព្វកិច្ចចាក់វ៉ាក់សាំងនឹងជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
លោកប្រធានាធិបតី ចូ បៃឌិន បានសម្តែងការខកចិត្តចំពោះការសម្រេចចិត្ត “រារាំងតម្រូវការសង្គ្រោះជីវិតបុគ្គលិក”។ លោកបានបន្ថែមថា៖ “ខ្ញុំសូមអំពាវនាវដល់អ្នកដឹកនាំអាជីវកម្មឱ្យចូលរួមជាបន្ទាន់ និងបង្កើតតម្រូវការការចាក់វ៉ាក់សាំង ដើម្បីការពារបុគ្គលិក អតិថិជន និងសហគមន៍របស់ពួកគេ”។
ក្រោយពីតុលាការបានប្រកាសរារាំងកាតព្វកិច្ចចាក់វ៉ាក់សាំងនៅតាមក្រុមហ៊ុនធំៗនេះ លោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានអបអរសាទរចំពោះការសម្រេចចិត្តនេះ ដោយបញ្ជាក់ថា ច្បាប់នេះនឹងបំផ្លាញសេដ្ឋកិច្ចបន្ថែមទៀត។
លោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “យើងមានមោទនភាពចំពោះតុលាការកំពូលដែលមិនគាំទ្រ។ គ្មានកាតព្វកិច្ចចាក់វ៉ាក់សាំង!”។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលលោក ចូ បៃឌិន បានបំផុសឱ្យមានច្បាប់ស្ដីពីកាតព្វកិច្ចចាក់វ៉ាក់សាំងនៅតាមក្រុមហ៊ុនធំៗ ដែលបុគ្គលិកចាំបាច់ត្រូវចាក់វ៉ាក់សាំង ឬត្រូវពាក់ម៉ាស់ និងធ្វើតេស្តរៀងរាល់សប្តាហ៍ ដោយការចំណាយគឺជាបន្ទុករបស់ក្រុមហ៊ុននីមួយៗ៕