លោក Boris Johnson នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ត្រូវបានគេរំពឹងថានឹងប្រកាសពីការបន្ធូរបន្ថយវិធានការបង្ការមេរោគកូវីដ-១៩របស់ប្រទេសអង់គ្លេស នៅពេលដែលលោកធ្វើសេចក្តីថ្លែងការណ៍អំពីផែនការ “ខ”។
គណៈរដ្ឋមន្ត្រីនឹងពិនិត្យទិន្នន័យចុងក្រោយ មុនពេលលោក Johnson ថ្លែងទៅកាន់សភានៅពេលរសៀល។ អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ការសម្រេចចិត្តនេះគឺមានលំនឹងល្អ ប៉ុន្តែទិន្នន័យចុងក្រោយបំផុតគឺមានការលើកទឹកចិត្ត ដោយសារករណីឆ្លងបានធ្លាក់ចុះចាប់តាំងពីដើមខែមករា។
ការអនុវត្តផែនការ “ខ” រួមមាន ការពាក់ម៉ាសនិងការបង្ហាញបណ្ណចាក់វ៉ាក់សាំង នឹងអស់សុពលភាពនៅថ្ងៃទី២៦ ខែមករាខាងមុខ។ រដ្ឋាភិបាលកំពុងពិនិត្យមើលការបន្ធូរបន្ថយផែនការនេះ មុនកាលបរិច្ឆេទ។
ការរឹតបន្តឹងត្រូវបានណែនាំនៅក្នុងខែធ្នូ ដើម្បីពន្យឺតការរីករាលដាលនៃវ៉ារ្យ៉ង់អូមីក្រុង ដែលអាចចម្លងបានខ្ពស់ ក៏ដូចជាដើម្បីទិញពេលវេលាសម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញបន្ថែម។
កាលពីថ្ងៃអង្គារ លោករដ្ឋមន្ត្រីសុខាភិបាល Sajid Javid បានប្រាប់សមាជិកសភាថា លោកមានសុទិដ្ឋិនិយមថា អង់គ្លេសនឹងអាចកាត់បន្ថយការរឹតបន្តឹងបានយ៉ាងច្រើននៅសប្តាហ៍ក្រោយ។
ក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់មន្ទីរពេទ្យមួយកន្លែង លោកនាយករដ្ឋមន្ត្រី Johnson ត្រូវបានអ្នកកាសែតសាកសួរថាតើវិធានការបន្តឹងនឹងត្រូវបានដកចេញដែរឬទេ។ លោកបានឆ្លើយតបថា៖ “យើងត្រូវប្រុងប្រយ័ត្នចំពោះជំងឺកូវីដ។ យើងត្រូវតែបន្ដចងចាំថា វាជាការគំរាមកំហែង”៕