ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសំណូមពរ ដល់សមាជិក សមាជិការបស់ខ្លួនទាំងអស់ ត្រូវតែយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ឱ្យអស់លទ្ធភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការខិតខំរៀនសូត្រធ្វើគំរូល្អ និងដំណើរជោគជ័យរបស់ថ្នាក់ដឹកនាំទាំងការ គិត និងការអនុវត្តការងារ។
ការស្នើ និងសំណូមពរដូចនេះ ខណៈ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចូលតួមក្នុងពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ-សង្កាត់ ក្រុង-ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពត។ ឯកឧត្តម បានមានប្រសាសន៍ថា ក្នុងនាមយុវជន ជាអ្នកបន្តវេន ត្រូវមានភារកិច្ចថែទាំ និងទទួលខុសត្រូវចំពោះជោគវាសនា អនាគតរបស់ប្រទេសជាតិ ដោយមិនត្រឹមតែធ្វើសកម្មភាពជួយលើការងារសង្គម និងការងារមនុស្សធម៌តែប៉ុណ្ណោះទេ។
ឯកឧត្តម ក៏បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែល សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត បានសហការល្អជាមួយនឹងអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្ត ដើម្បីបម្រើការងារសង្គមជូនប្រជាពលរដ្ឋ នៅមូលដ្ឋានបានល្អប្រសើរ ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលតែងផ្តល់ឱកាសដល់សមាជិក របស់ខ្លួន តាមមូលដ្ឋាននីមួយៗ ដោយបានសហការយ៉ាងល្អប្រសើរ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ ទាំងស្មារតីសម្ភារៈ និងថវិការបស់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពតទាំងអស់ ក្នុងការរួមចំណែកជាមួយ រាជរដ្ឋាភិបាលលើវិស័យនានា ក្នុងការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈការបណ្ដុះបណ្ដាល យ៉ាងសកម្ម ចូលរួមកំណែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជ រដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានដាក់ចេញឱ្យអនុវត្តន៍មានប្រសិទ្ធភាព៕
kosal.