ជាការពិតណាស់ក្លិបManchester United និង Sevilla បានឈានដល់កិច្ចព្រមព្រៀងខ្ចីជើងខ្សែប្រយុទ្ធ Anthony Martial មកកាន់លីគកំពូលអេស្បាញ La Liga ។ Anthony Martialបានតស៊ូដើម្បីបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងមិនបានទៀងទាត់នោះទេនៅរដូវកាលនេះក្រោយការមកដល់របស់ខ្សែប្រយុទ្ធ Cristiano Ronaldo និង Jadon Sancho។មូលហេតុនេះហើយទើបបានជាអតីតយុវជនក្លិបMonacoរូបនេះចង់ចាកចេញពីទឹកដី Old Trafford នៅអំឡុងពេលទីផ្សារដោះដូរកីឡានៅខែមករានេះ។
នាពេលកន្លងមកក្រុមរបស់លោក Julen Lopetegui បានដកការចាប់អារម្មណ៏ចង់បាន Martial ដោយពួកគេរារែកក្នុងការផ្តល់ប្រាក់ឈ្នួលសម្រាប់រូបគេ។តែទោះជាយ៉ាងណាក៏ដោយអ្នកជំនាញផ្នែកផ្ទេរកីឡាករលោក Fabrizio Romano បានបញ្ជាក់ថា Sevilla បានយល់ព្រមផ្ដល់ប្រាក់ឈ្នួល១៥០,០០០ ផោនក្នុងមួយសប្តាហ៍ដូចដែលរូបគេទទួលបាននៅMan Utd។
កីឡាករវ័យ ២៦ឆ្នាំនេះនឹងផ្លាស់ទៅកាន់ប្រទេសអេស្បាញនៅនៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈកិច្ចព្រមព្រៀងដែលមានសុពលភាពរហូតដល់បញ្ចប់រដូវកាលនេះមិនបាន ដាក់បញ្ចូលលក្ខខណ្ឌទិញផ្ដាច់កុងត្រាឡើយ។
គូសបញ្ជាក់ថាMartial ស៊ុតបញ្ចូលទីបានតែមួយគ្រាប់ប៉ុណ្ណោះ ពីការបង្ហាញខ្លួន ១១លើកក្នុងរដូវកាលនេះ ខណៈការបង្ហាញខ្លួនលើកចុងក្រោយគឺប្តូរចូលក្នុងនាមកីឡាករបម្រុងក្នុងជំនួបដែលMan Utdយកឈ្នះលើក្រុមភ្ញៀវ West Ham United១-០ កាលពីចុងសប្តាហ៍មុន៕