ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi អំពីប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ ដោយបានលើកឡើងពីសន្តិសុខពិភពលោក និងហានិភ័យសេដ្ឋកិច្ច ដែលអាចបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីបន្ថែមទៀត។
អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “លោករដ្ឋមន្ត្រី Blinken បានលើកឡើងថា ការបន្ថយភាពតានតឹងនិងវិស័យការទូតគឺជាផ្លូវប្រកបដោយទំនួលខុសត្រូវឆ្ពោះទៅមុខ”។
សេចក្ដីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា សន្តិសុខពិភពលោកនិងហានិភ័យសេដ្ឋកិច្ចដែលបង្កឡើងដោយការឈ្លានពានរបស់រុស្ស៊ីបន្ថែមទៅលើអ៊ុយក្រែននឹងត្រូវលើកឡើងក្នុងកិច្ចពិភាក្សានេះ។
សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានកំណត់ផ្លូវការទូតដើម្បីដោះស្រាយការទាមទាររបស់រុស្ស៊ីនៅក្នុងតំបន់អឺរ៉ុបខាងកើត ខណៈដែលទីក្រុងម៉ូស្គូបានពិភាក្សាបញ្ហាសន្តិសុខជាមួយបណ្តាប្រទេសលោកខាងលិច និងបានពង្រឹងការកសាងយោធារបស់ខ្លួននៅជិតអ៊ុយក្រែនជាមួយនឹងសមយុទ្ធថ្មី។
រុស្ស៊ីបានទាមទារឲ្យអង្គការណាតូដកទ័ពនិងសព្វាវុធពីតំបន់អឺរ៉ុបខាងកើតមកវិញ ហើយរារាំងអ៊ុយក្រែន ដែលជាអតីតរដ្ឋសូវៀត ដាច់ខាតមិនឱ្យចូលជាសមាជិកអង្គការណាតូ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូបានច្រានចោលការលើកឡើងនេះ ប៉ុន្តែបាននិយាយថា ពួកគេត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាលើប្រធានបទផ្សេងទៀត ដូចជាការគ្រប់គ្រងអាវុធ និងវិធានការកសាងទំនុកចិត្ត៕