មេដឹកនាំយោធានៃប្រទេសម៉ាលីបានសម្រេចចិត្តបណ្តេញឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសខ្លួនចេញ ដោយសារតែ ការអត្ថាធិប្បាយមួយ ដែលបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសបារាំងអំពីរដ្ឋាភិបាលអន្តរកាល។ ប្រទេសបារាំងបាននិយាយថា ខ្លួនកំពុងអញ្ជើញលោក Joel Meyer ឱ្យត្រលប់ចូលប្រទេសវិញក្នុងរយៈពេល ៧២ ម៉ោង។
រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian កាលពីសប្តាហ៍មុន បាននិយាយថា របបយោធាម៉ាលីគឺ “ខុសច្បាប់” និង “មិនអាចគ្រប់គ្រងបាន”។ មហាអំណាចលោកខាងលិចក៏មានការព្រួយបារម្ភអំពីឥទ្ធិពលរបស់រុស្ស៊ីក្នុងប្រទេសអតីតអាណានិគមបារាំងនេះផងដែរ។ទីក្រុងមូស្គូត្រូវបានរាយការណ៍ថាបានបញ្ជូនទីប្រឹក្សាយោធាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីពង្រឹងកងកម្លាំងសន្តិសុខក្នុងតំបន់ក្នុងការប្រយុទ្ធរបស់ពួកគេជាមួយពួកឧទ្ទាមជីហាដ។ របាយការណ៍ដែលមិនមានប្រភពបញ្ជាក់ច្បាស់លាស់បានលើកឡើងថា ទាហានស៊ីឈ្នួលរុស្ស៊ីរាប់រយនាក់ក៏កំពុងប្រតិបត្តិការក្នុងប្រទេសនេះដែរ។
ប្រទេសបារាំងដែលបានធ្វើអន្តរាគមន៍ក្នុងឆ្នាំ២០១៣ ដើម្បីគាំទ្ររដ្ឋាភិបាលប្រឆាំងនឹងក្រុមជីហាដ គ្រោងនឹងកាត់បន្ថយការដាក់ពង្រាយទ័ពរបស់ខ្លួន។នៅក្នុងបទសម្ភាសន៍មួយផ្សេងទៀត លោករដ្ឋមន្ត្រី Le Drian បានចោទប្រកាន់ទាហានស៊ីឈ្នួលរុស្ស៊ីថា កិបកេងធនធានរបស់ប្រទេសជាថ្នូរនឹងការការពាររបបយោធា។
ទំនាក់ទំនងរវាងប្រទេសបារាំងនិងប្រទេសម៉ាលី ដែលជាប្រទេសក្រីក្របំផុតមួយរបស់ពិភពលោក បានធ្លាក់ចុះចាប់តាំងពីកងទ័ពបានដណ្តើមអំណាច កាលពីខែសីហា ឆ្នាំ២០២០កន្លងទៅ។ ភាពតានតឹងបានកើនឡើងបន្ថែមទៀតក្នុងខែនេះ នៅពេលរបបយោធាបានច្រានចោលកិច្ចព្រមព្រៀងដើម្បីរៀបចំការបោះឆ្នោតក្នុងខែកុម្ភៈ ហើយប្តេជ្ញាកាន់អំណាចរហូតដល់ឆ្នាំ២០២៥៕