ដោយ រតនា
ភ្នំពេញៈ យុវជន ប្រុសស្រី ២ក្រុម បើករថយន្ត ២គ្រឿង ផ្សេងគ្នា ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលបុកគ្នាពេញទំហឹង នៅផ្លូវកោង រង្វង់មូល វិមានឯករាជ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០១និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែ កុម្ភៈឆ្នាំ២០២២ ចំណុចរង្វង់មូល វិមានឯករាជ្យ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម កែងមហាវិថី ព្រះសុរាម្រឹត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញ រថយន្តមួយគ្រឿងតូយូតា ធុនត្រា ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2C-5551 ដែលធ្វើដំណើតាមបណ្ដោយមហាវិថីព្រះនរោត្តម ឆ្លងកាត់រង្វង់មូល វិមានឯករាជ្យ ទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុ ដែលចំណុចផ្លូវកោង រង្វង់មូល វិមានឯករាជ្យ ក៏ស្រាប់ចាន់ហ្វ្រាំងមិនទាន់ បានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាក តូយូតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-3037 បានធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្តម ចំពីមុខចំហៀងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំង ២គ្រឿង រងការខូចខាត។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចចរាចរណ៍ក្រុង ចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សា ដើម្បីដោះស្រាយនៅពេលក្រោយ ដោយភាគីទាំងសងខាង និយាយចារចាតម្លៃគ្នាមិនត្រូវជាច្រើនម៉ោង៕