ជប៉ុនកាលពីថ្ងៃអង្គារបាននិយាយថា ប្រទេសបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយសហរដ្ឋអាមេរិក និងក្រុមប្រទេស G7 ផ្សេងទៀតក្នុងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យមានការឈ្លានពានលើអ៊ុយក្រែន។
ការបញ្ជាក់ដោយប្រទេសសេដ្ឋកិច្ចធំជាងគេលំដាប់ទី៣របស់ពិភពលោកកើតឡើង នៅពេលដែលវិបត្តិនៅតំបន់អឺរ៉ុបកាន់តែធ្លាក់ជ្រៅទៅៗ ដោយមេដឹកនាំរុស្ស៊ីកាលពីថ្ងៃចន្ទបានបញ្ជាកងទ័ពចូលទៅក្នុងតំបន់ពីរនៅភាគខាងកើតអ៊ុយក្រែន ដែលឥឡូវនេះ រុស្ស៊ីទទួលស្គាល់ថាជារដ្ឋឯករាជ្យ។
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីសីដា ដែលបានហៅទូរស័ព្ទទៅលោក ពូទីន កាលពីថ្ងៃព្រហស្បតិ៍ដើម្បីជំរុញឲ្យមានការអត់ធ្មត់ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា សកម្មភាពនោះមិនអាចទទួលយកបានឡើយ និងជាការរំលោភច្បាប់អន្តរជាតិ។ លោកបានបន្ថែមថា ជប៉ុនបានត្រៀមខ្លួនជាស្រេចសម្រាប់ការឆ្លើយតបខ្លាំងមួយដែលអាចរួមបញ្ចូលទាំងការដាក់ទណ្ឌកម្ម។
សេតវិមានបាននិយាយកាលពីល្ងាចថ្ងៃចន្ទថា ខ្លួននឹងប្រកាសដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ីនៅថ្ងៃចន្ទ ដែលជាការឆ្លើយតបទៅនឹងការសម្រេចចិត្ត និងសកម្មភាពរបស់ទីក្រុងម៉ូស្គូនៅថ្ងៃនេះ ដែលបានប្រកាសទទួលស្គាល់តំបន់ឯករាជ្យ។
អ្នកនាំពាក្យសេតវិមានបាននិយាយថា៖ “យើងកំពុងសម្របសម្រួលជាមួយសម្ព័ន្ធមិត្ត និងដៃគូលើការប្រកាសនោះ”។
កាសែត Yomiuri បានរាយការណ៍មុននេះថា ការដាក់ទណ្ឌកម្មថ្មីរបស់ប្រទេសជប៉ុន ដែលនឹងបន្ថែមទៅលើការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីខ្លួនបានកាន់កាប់តំបន់គ្រីមៀ នឹងរួមបញ្ចូលការហាមឃាត់ការនាំចេញបន្ទះឈីប (Semiconductor) និងការនាំចេញបច្ចេកវិទ្យាសំខាន់ៗផ្សេងទៀត ក៏ដូចជាការរឹតត្បិតកាន់តែតឹងរ៉ឹងលើធនាគាររុស្ស៊ី៕