តម្លៃប្រេងបានកើនឡើងលើសពី ១០០ ដុល្លារក្នុងមួយធុង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេ”” នៅក្នុងតំបន់ Donbas ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ ការឡើងថ្លៃនេះគឺស្ថិតក្នុងកម្រិតខ្ពស់បំផុត។
តម្លៃប្រេងបានហក់ឡើងកាលពីដើមសប្តាហ៍នេះ ចំពេលមានទណ្ឌកម្មសេដ្ឋកិច្ចនិងឈានទៅបិទបំពង់បង្ហូរឧស្ម័នរុស្ស៊ី Nord Stream 2។ រុស្ស៊ីជាប្រទេសនាំចេញប្រេងឆៅធំជាងគេបំផុតលំដាប់ទីពីរ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត។ ប្រទេសនេះក៏ជាអ្នកនាំចេញឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់ពិភពលោកផងដែរ។
លោកស្រី Tina Teng អ្នកវិភាគទីផ្សារប្រចាំក្រុមហ៊ុន CMC Markets បានប្រាប់អ្នកកាសែត BBC ថា៖ “យើងអាចមើលឃើញថា តម្លៃរក្សាសន្ទុះ។ វិនិយោគិនមានការព្រួយបារម្ភអំពីការរឹតត្បិតលើការផ្គត់ផ្គង់ ដែលបណ្ដាលមកពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសរុស្ស៊ី ដែលមានគោលដៅលើប្រភពផ្គត់ផ្គង់ដ៏សំខាន់គឺបំពង់បង្ហូរឧស្ម័ន Nord Stream 2”។
Nord Stream 2 គឺជាប្រព័ន្ធបង្ហូរប្រេងប្រវែង ១,២០០ គីឡូម៉ែត្រនៅក្រោមសមុទ្របាល់ទិក ដែលមានបំពង់បង្ហូរពីឆ្នេរសមុទ្ររុស្ស៊ីនៅជិតទីក្រុង St Petersburg ទៅកាន់ទីក្រុង Lubmin ក្នុងប្រទេសអាល្លឺម៉ង់។ ប្រព័ន្ធបង្ហូរប្រេងនេះមិនទាន់មានអាជ្ញាប័ណ្ណប្រតិបត្តិការនៅឡើយទេ ហើយអាល្លឺម៉ង់បានផ្អាកដំណើរការនេះ។
ការផ្អាកដំណើរការនេះបានកើតមានឡើង បន្ទាប់ពីរុស្ស៊ីបានទទួលស្គាល់ជាផ្លូវការនូវតំបន់ពីរនៅភាគខាងកើតអ៊ុយក្រែនថាជាតំបន់ឯករាជ្យ ហើយបានបញ្ជូនទាហានទៅទីនោះ៕