តម្លៃប្រេងបានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៨ បន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងពិភាក្សាអំពីការដាក់ទណ្ឌកម្មលើការផ្គត់ផ្គង់របស់រុស្ស៊ីជាមួយប្រទេសសម្ព័ន្ធមិត្ត។ ប្រេងឆៅប្រភេទ Brent ដែលជាស្តង់ដារប្រេងពិភពលោកបានកើនឡើងដល់លើសពី $១៣៩ ក្នុងមួយបារ៉ែល មុនពេលធ្លាក់ចុះមកនៅខាងក្រោម $១៣០។
ទីផ្សារប្រេងឥន្ធនៈត្រូវបានរង្គោះរង្គើក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជុំវិញការភ័យខ្លាចនៃការផ្គត់ផ្គង់ដែលបង្កឡើងដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ ក្រុមអ្នកប្រើប្រាស់កំពុងមានអារម្មណ៍ថាតម្លៃប្រេងនឹងមានការប៉ះពាល់ ខណៈដែលការចំណាយផ្សេងៗក៏កំពុងកើនឡើងដូចគ្នា។
ទីផ្សារភាគហ៊ុននៅអាស៊ីបានធ្លាក់ចុះកាលពីថ្ងៃចន្ទ ដោយភាគហ៊ុន Nikkei របស់ជប៉ុនធ្លាក់ចុះ ២.៧% និង Hang Seng នៅហុងកុងធ្លាក់ចុះ ៣% ។កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា រដ្ឋបាលលោក បៃឌិន និងប្រទេសសម្ព័ន្ធមិត្តកំពុងពិភាក្សាគ្នាអំពីការហ៊ុមព័ទ្ធការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី។
ក្រោយមក ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បាននិយាយថា សភាកំពុង “សិក្សា” ច្បាប់ដើម្បីហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី ហើយសភាក្នុងសប្តាហ៍នេះមានបំណងអនុម័តជំនួយចំនួន១០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី។
លោកស្រី Pelosi បានបញ្ជាក់នៅក្នុងលិខិតមួយថា៖ “បច្ចុប្បន្នសភាកំពុងស្វែងរកមូលដ្ឋានច្បាប់ដ៏រឹងមាំមួយ ដែលនឹងធ្វើឱ្យប្រទេសរុស្ស៊ីកាន់តែឯកោពីសេដ្ឋកិច្ចពិភពលោក”៕
ការហ៊ុមព័ទ្ធប្រេងរបស់រុស្ស៊ីនឹងក្លាយជាភាពតានតឹងដ៏ខ្លាំងមួយក្នុងការឆ្លើយតបទៅនឹងការឈ្លានពានអ៊ុយក្រែន ហើយអាចនឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក៕