រដ្ឋមន្ត្រីប្រទេស G7 បានយល់ព្រមធ្វើការរួមគ្នា ដើម្បីធានាឱ្យទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ីត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងយុត្តិធម៌នៃក្រុមប្រទេសសេដ្ឋកិច្ចរីកចំរើនG7 បានជួបគ្នាតាមប្រព័ន្ធអ៊ីនធឺណែតកាលពីថ្ងៃពុធម្សិលមិញនេះ។ពួកគេត្រូវបានចូលរួមដោយតំណាងមកពីគណៈកម្មការអឺរ៉ុបនិងអូស្ត្រាលី។
លោកSuzuki Sunichi រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនបាននិយាយថា«វាមានសារៈសំខាន់ណាស់ក្នុងការធានាប្រសិទ្ធភាពនៃទណ្ឌកម្ម។ ក្រុមប្រទេសG7និងអូស្ត្រាលីគួរតែបន្តរៀបចំកិច្ចប្រជុំដើម្បីពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងបង្កើនកិច្ចសហប្រតិបត្តិការ»។
ការបង្កកទ្រព្យសម្បត្តិដែលកាន់កាប់ដោយប្រធានាធិបតីពូទីន និងមន្ត្រីជិតស្និទ្ធនឹងគាត់ក៏ស្ថិតក្នុងចំណោមប្រធានបទសំខាន់ៗផ្សេងទៀតដែលត្រូវបានលើកមកពិភាក្សាក្នុងជំនួបនោះដែរ។លោកSuzuki បាននិយាយថាក្រុមរដ្ឋមន្ត្រីបានយល់ព្រមលើតម្រូវការដើម្បីតាមដានទីតាំងនៃមូលនិធិបែបនេះ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុនរូបនេះក៏បាននិយាយផងដែរថា ប្រទេសរបស់លោកបានស្នើសុំធ្វើការជាមួយប្រទេសផ្សេងទៀត ដើម្បីរារាំងប្រទេសរុស្ស៊ីពីការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ ដើម្បីគេចពីការដាក់ទណ្ឌកម្ម៕