ករណីអ្នកឆ្លងមេរោគប្រភេទBA2សាខាOmicronកំពុងកើនឡើងនៅទូទាំងសហភាពអឺរ៉ុប(EU)។នេះបើយោងតាមទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ហើយត្រូវបានចុះផ្សាយដោយកាសែតចិនស៊ីនហ៊ួរនៅថ្ងៃទី១៨ខែមីនាឆ្នាំ២០២២។
លោក Marco Cavalieri ប្រធានផ្នែកយុទ្ធសាស្ត្រស្តីពីការគំរាមកំហែងសុខភាពជីវសាស្រ្ត និងវ៉ាក់សាំងនៃEMAបានប្រាប់អ្នកសារព័ត៌មានថា៖«ខណៈពេលដែលប្រទេសសហភាពអឺរ៉ុបជាច្រើនកំពុងដកវិធានការរឹតត្បិត, យើងកត់សំគាល់ថាអត្រាឆ្លងកំពុងកើនឡើងម្តងទៀតនៅក្នុងរដ្ឋសមាជិកមួយចំនួន, ដែលមួយផ្នែកដោយសារតែការចរាចររបស់ Omicron BA2 ដែលវាហាក់ដូចជាអាចឆ្លងបានលឿនជាងវ៉ារ្យ៉ង់ផ្សេងទៀត»។
លោកបាននិយាយថាអ្វីដែលសំខាន់បំផុតនោះគឺរបៀបដែលការកើនឡើងនៃករណីនេះនឹងដាក់សម្ពាធលើប្រព័ន្ធថែទាំសុខភាព។
EMA បានអំពាវនាវដល់ពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំង ឱ្យចេញទៅទទួលវ៉ាក់សាំងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយសង្កត់ធ្ងន់ថាឥឡូវនេះមានវ៉ាក់សាំង COVID-19 ចំនួនប្រាំដែលត្រូវបានអនុញ្ញាតនៅក្នុងសហភាពអឺរ៉ុបដោយប្រើបច្ចេកវិទ្យាផ្សេងៗគ្នា។
លោក Marco បាននិយាយថា៖«បច្ចុប្បន្ននេះមិនមានភស្តុតាងណាមួយដែលបង្ហាញថាការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំបន្ទាប់ពីការចាក់វ៉ាក់សាំងមិនអាចប្រឆាំងនឹងមេរោគOmicron BA2 នោះទេ។ វ៉ាក់សាំងនៅតែបន្តផ្តល់ការការពារខ្ពស់ប្រឆាំងនឹងការចូលមន្ទីរពេទ្យនិងការស្លាប់»។
សូមជ្រាបថាវ៉ាក់សាំងដែលបានទទួលការអនុញ្ញាតទីផ្សារតាមលក្ខខណ្ឌពី EMA មានដូចជាវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនឱសថPfizer/BioNtech, Moderna, AstraZeneca, Janssen និង Novavax៕