ដោយ រតនា
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២០ ខែមិនា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យប្រុសស្រី៣ នាក់ និងថ្នាំញៀនជាង២០ គីឡូក្រាម រួមជាមួយអាវុធខ្លីមួយដើម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរបន្តនីតិវិធី ។
សមត្ថកិច្ចបានបញ្ជាក់ថា សង្ស័យទាំង៣នាក់មានឈ្មោះ ទី១.ឈ្មោះ វ៉ា ម៉េងហុង ភេទប្រុស អាយុ ៣០ ឆ្នាំ។ ទី២.ឈ្មោះ ហ៊ីម ឆេងហួរសុដាវី ភេទស្រី អាយុ ២០ ឆ្នាំ និង ទី៣.ឈ្មោះ គង់ សុគន្ធារី ភេទស្រី អាយុ៣៧ ឆ្នាំ ។
សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះស៊ើបអង្កេត នឹងស្រាវជ្រាវ បង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿង ញៀនមួយករណី ដោយបានធ្វើការឃាត់ខ្លួនជន សង្ស័យចំនួន ៣នាក់ និងរឹបអូសថ្នាំញៀនជាង២០គីឡូ ក្រាម រួមទាំងអាវុធខ្លី១ដើមផងដែរ។
កិច្ចប្រតិបត្តិការណ៍បង្ក្រាបនេះដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្ដម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនី ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការដឹកផ្ទាល់ពីលោកឧត្តមសេនីឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទ ល្មើសគ្រឿងញៀន ។
ក្នុងរង្វង់នៃប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបចំនួន២ គោលដៅ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដោយគោលដីទី១ ៖ កាលពីវេលាម៉ោង៥ នឹង២០ នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៩) ដឹកនាំដោយលោក ឧត្ដមសេនីយ៍ត្រី យិន បញ្ញារិទ្ធ.លោកវរ: សេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍន: នាយករងមន្ទីរ.លោក វរ:សេនីយ៍ទោ ឌុក មករា នាយការិយាល័យ និងមានការចូលរួម ពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបនៅចំណុចផ្លូវបេតុង បុរីចំការដូង ផ្ទះលេខF៣០ ខណ្ឌដង្កោ ខណ្ឌដង្កោ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ២ នាក់ និងចាប់យកសារធាតុញៀនប្រមាណជាង២០ គីឡូក្រាម រួចបានទៅឆែកឆេរលំនៅឋាមួយកន្លែងទៀត ។
ចំពោះគោលដៅទី២ ៖ នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង ៧ និង៣០នាទី បានធ្វើការឆែកលំនៅឋាន ផ្ទះលេខ៥៩៤ ផ្លូវបេតុង ភូមិព្រែករំាង ១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យជាស្រ្តីម្នាក់ និងដកហូតអាវុធខ្លី១ដើមផងដែរ។ក្នុងនោះសមត្ថកិច្ចបានដកហូតយកវត្ថុតាងរួមមាន៖ សារធាតុញៀនប្រភេទ(HEROIN)ចំនួន៦០ បន្ទះ ទម្ងន់ប្រមាណជាង២០ គីឡូក្រាម អាវុធខ្លី១ដើម ម៉ាកឡុង១៩ និងមធ្យោបាយធ្វើសកម្មភាព រថយន្ត ម៉ាកព្រូស១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់បានញ្ជូនខ្លួនមកដល់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕