រុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងបណ្ដេញអ្នកការទូតអាមេរិកជាការឆ្លើយតបទៅនឹងការបណ្ដេញអ្នកការទូតរុស្ស៊ីនាពេលថ្មីៗនេះរបស់ទីក្រុងវ៉ាស៊ីនតោនពីអង្គការសហប្រជាជាតិ(UN)។នេះបើយោងតាមការចេញផ្សាយដោយកាសែតចិនស៊ីនហ៊ួរនៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២២។ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកោះហៅអ្នកការទូតជាន់ខ្ពស់នៃស្ថានទូតអាមេរិកនៅទីក្រុងមូស្គូកាលពីថ្ងៃពុធ ហើយបានប្រកាស ឈ្មោះអ្នកការទូតអាមេរិកនៅក្នុងបញ្ជី«បុគ្គលដែលមិនស្វាគមន៍»របស់ខ្លួន។
ភាគីអាមេរិកត្រូវបានគេប្រាប់ថា រាល់សកម្មភាពអរិភាពប្រឆាំងនឹងរុស្ស៊ី នឹងទទួលបានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងគ្រប់គ្រាន់។យ៉ាងណាក៏ដោយ,ក្រសួងមិនបានបង្ហាញពីចំនួនអ្នកការទូតអាមេរិកប៉ុន្មាននាក់ជាគោលដៅ និងកាលបរិច្ឆេទនៃការចាកចេញរបស់ពួកគេនោះទេ។
សហរដ្ឋអាមេរិកកាលពីថ្ងៃទី 28 ខែកុម្ភៈកន្លងទៅបានប្រកាសពីការបណ្តេញបុគ្គលិកចំនួន 12 នាក់នៃបេសកកម្មអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនិងជនជាតិរុស្ស៊ីម្នាក់ដែលធ្វើការជាមួយលេខាធិការដ្ឋានអង្គការសហប្រជាជាតិ៕