ខ្សែបម្រើស្លាបរបស់ក្លិប Everton កីឡាករ Andros Townsend នឹងអវត្តមានពីការប្រកួតរហូតចប់រដូវកាលនេះ បន្ទាប់ពីរងរបួសក្បាលជង្គង់នៅក្នុងការប្រកួតពាន FA Cup ចាញ់ក្រុម Crystal Palace។
Townsend ដែលបានប្ដូរចេញពីទីលាន បន្ទាប់ពីប្រកួតបាន ១៦នាទី ក្នុងអំឡុងពេល Everton ចាញ់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃអាទិត្យ ក្រោមថ្វីជើងរបស់ Palace នឹងត្រូវធ្វើការវះកាត់នៅសប្តាហ៍ក្រោយ។នេះបើតាមក្លិប Everton។កីឡាករវ័យ ៣០ឆ្នាំរូបនេះបានបង្ហាញខ្លួន ២៧ប្រកួតនៅក្នុងការប្រកួតទាំងអស់ និងបានស៊ុតបញ្ចូលទី ៧គ្រាប់ក្នុងរដូវកាលនេះ ចាប់តាំងពីចូលរួមជាមួយក្លិប Everton កាលពីខែកក្កដាឆ្នាំមុន។
អតីតកីឡាករអន្តរជាតិអង់គ្លេស Townsend បានចូលរួមជាមួយក្លិប Everton លើកិច្ចសន្យារយៈពេល ២ឆ្នាំ បន្ទាប់ពីចំណាយពេល ៥ឆ្នាំ លេងនៅក្លិប Palace។សូមជម្រាបថា Everton កំពុងឈរនៅលំដាប់ទី១៧ ក្នុងតារាង Premier League មាន ២៥ពិន្ទុពី ២៧ប្រកួត។ប្រកួតបន្ត, ពួកគេនឹងត្រូវប៉ះក្រុម West Ham United នៅថ្ងៃទី៣ ខែមេសាខាងមុខ៕