ដោយ រតនា
ភ្នំពេញ៖ ក្រោយសំណូមពររបស់ពលរដ្ឋរស់នៅអមសងខាងផ្លូវលេខ១៣៩ ដែលក្រុមហ៊ុនឯកជនមួយ ទទួលគម្រោងជួសជុលផ្លូវដាក់លូរ រួចមិនអ៊ុតកៅស៊ូឲ្យស្អាតឡើងវិញ តាមបណ្ដោយផ្លូវមុខផ្ទះ ហាងរបស់បងប្អូនប្រជាពលរដ្ឋនិងប្រកបអាជីវកម្ម មានការហុយដី ដក់ទឹក ជាដើម។
ជាក់ស្ដែងនៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២២ នេះ សង្កេតឃើញថា ក្រុមហ៊ុនបានដាក់គ្រឿងចក្រមកបង្ហាប់ដីឲ្យហាប់ ដើម្បីអ៊ុតកៅស៊ូឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសឡើងវិញហើយ។ សូមបញ្ជាក់ផងដែរ ទីតាំងនេះស្ថិតនៅកំណាត់ ផ្លូវលេខ១៣៩ ចាប់ពីផ្លូវលេខ១៣៤ ដល់ផ្លូវលេខ១៦៤ មូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
គួររលឹកផងដែរ កាលពីថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២២ កន្លងមក ពលរដ្ឋបានសំណូមពរ ដល់ស្ថានីយ៍ទូរទស្សន៏លេខ៩ បានធ្វើការផ្សព្វផ្សាយ ជូនបងប្អូនប្រជាពលរដ្ឋដែលមានផ្ទះ និងហាងនៅតាមបណ្ដោយផ្លូវលេខ១៣៩ មានការងឿងឆ្ងល់ថា ក្រុមហ៊ុនទទួលគម្រោងកាយផ្លូវដាក់លូ កាលពីដើមខែមករា រួចរាល់តែក្រុមហ៊ុនបានយកសម្ភារៈទៅវិញអស់ហើយដែរ និងបានលប់ដីរួច តែមិនទាន់ឃើញមានការអ៊ុតកៅស៊ូឲ្យដូចដើមឡើងវិញឡើយ។
ពាក់ព័ន្ធបញ្ហានេះដែរ លោក ប៉ែន ធឿន ប្រធានការិយាល័យសាធារណៈការ ខណ្ឌ៧មករា លោកបានឲ្យដឹងថា គម្រោងកាយផ្លូវដាក់លូនេះ ជាគម្រោងរបស់ខណ្ឌ តាមបណ្ដោយផ្លូវលេខ១៣៩ ចាប់ពីផ្លូវលេខ១៣៤ ដល់ផ្លូវលេខ១៦៤ ប្រវែង២៨០ម៉ែត្រ ទំហំមុខកាត់លូ ៨តឹក។ ចំពោះបញ្ហារបស់បងប្អូនពលរដ្ឋមានការងឿងឆ្ងល់ ក្រុមហ៊ុនកាយនិងដាក់លូររួច មិនទាន់អ៊ុតកៅវិញនោះគឺ ទុកឲ្យដីហាប់សិន ជៀសវាងការអ៊ុតកៅស៊ូរួចមានការបាក់ស្រុតខូចខាត។ យ៉ាងណាមិញលោក និងទាក់ទៅទៅក្រុមហ៊ុនថា ពេលណាមកអ៊ុតកៅស៊ូបង្ហើយជូនពលរដ្ឋ៕