ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា គិតត្រឹមថ្ងៃអាទិត្យសប្ដាហ៍នេះ មនុស្សជាង 3.86 លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសផ្សេងទៀតចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើម។នេះបើយោងតាមការចេញផ្សាយដោយការសែតជប៉ុនNHKនៅថ្ងៃទី២៩ខែមីនាឆ្នាំ២០២២។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR)បាននិយាយថា ប្រជាជនជាង 2.29 លាននាក់បានធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ។រូម៉ានីបានទទួលយកជនភៀសខ្លួនអ៊ុយក្រែនច្រើនជាងគេលំដាប់ទីពីរបន្ទាប់ពីប៉ូឡូញពោលគឺប្រទេសនេះបានទទួលអ្នកភៀសខ្លួនប្រហែល 590,000នាក់ ខណៈដែលប្រទេសម៉ុលដាវីមាន380,000នាក់និងហុងគ្រីមានជនភៀសខ្លួនអ៊ុយក្រែន350,000នាក់។
UNHCR បានឱ្យដឹងទៀតថា គិតត្រឹមថ្ងៃអង្គារសប្តាហ៍មុន មនុស្សប្រហែល 270,000 នាក់បានឆ្លងព្រំដែនចូលទៅក្នុងប្រទេសរុស្ស៊ី៕