ដោយ រតនា
ភ្នំពេញ: សង្ស័យកាប់ប្លន់ក្មេងទំនើងមួយក្រុមរហស្សនាមYKTមានគ្នាច្រើននាក់ស្ទាក់កាប់យុវជនពីរនាក់បំណងយកម៉ូតូប៉ុន្តែមិនបានសម្រេច
ហេតុការណ៍នេះកើតហេតុនៅវេលាម៉ោង១នឹង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវលេខ២១៤ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមសម្តីរបស់ជនរងគ្រោះបានអោយដឹងមុនពេលកើតហេតុពូកគេមានគ្នាពីរនាក់ជិះមួយគ្រឿងម៉ាកDream C110 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BG-3216 ចេញពីម្តុំស្ទឹងមានជ័យគោលបំណងមកយកមិត្តម្នាក់ទៀតចេញពីធ្វើម្តុំក្រោយវាំងលុះមកចំណុចកើតហេតុផ្លូវលេខ២១៤ស្រាប់មានក្រុមជនសង្ស័យមួយក្រុមច្រើនម៉ូតូមានទាំងកាំបិតតាំងតោនិងដំបង(ក្រុមអាទិនលៀសហាលរឺក្រុមYKT)បានស្រែកមកលើជនរងគ្រោះថាកាប់វាទៅបណ្តាលអោយជនរងគ្រោះភ័យជិះដួលភ្លាមៗនោះក្រុមជនសង្ស័យបានធ្វើសកម្មភាពកាប់ទៅលើម៉ូតូនិងព្យាយាមលើកម៉ូតូជនរងគ្រោះបំរុងជិះចេញជនរងគ្រោះស្រែកចោរៗទើបក្រុមជនសង្ស័យផ្តួលម៉ូតូរួចជិះគេចពីកន្លែងកើតហេតុបាត់ស្រមោល។
សូមបញ្ជាក់ផងដែរថាក្នុងខណ្ឌដូនពេញមិនមែនជាលើកទីមួយទេដែលក្រុមក្មេងទំនើងជិះម៉ូតូដេញកាប់គ្នានិងដេញវាយគ្នាយ៉ាងអាណាធិបតេយ្យប៉ុន្តែសមត្ថកិច្ចហាក់គ្មានចំណាត់ការក្នុងការបង្ក្រាបជាពិសេសម្តុំសួនច្បារវត្តបទុមវតីក្មេងស្ទាវវាយគ្នាស្ទើរតែរាល់ថ្ងៃ។
ក្រោយកើតហេតុជនរងគ្រោះបានមកយកម៉ូតូរបស់ខ្លួនវិញរួចទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជម្នះដើម្បីអោយសមត្ថកិច្ចស្រាវជ្រាវរកក្រុមជនសង្ស័យមកចាត់ការតាមនីតិវិធី៕