ខេត្តរតនគិរី÷ ក្មេងប្រុស.ស្រី៣នាក់បានចុះទៅលេងហើយឈរនៅលើដំបូកដីខ្សាច់ទន្លេសេសាន ស្របពេលនោះ ទឹកទន្លេបានឡើងហើយហូរច្រោះដីខ្សាច់បាក់ បណ្តាលឲ្យធ្លាក់ក្មេងទាំង៣នាក់នោះ ចូលក្នុងទឹកទន្លេដែលកំពុងហូរ។ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចក្រោមស្ពានសេសាន ស្ថិតនៅក្នុងភូមិកាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
អធិការនគរបាលស្រុកអណ្តូងមាស លោក សោម ចាន់ដារ៉ា បានឲ្យដឹងដឹងតាមទូរសព្ទនៅល្ងាចថ្ងៃទី១៥មេសានេះ ថា ករណីក្មេងប្រុស.ស្រី៣នាក់ បានទៅលេងទឹកទន្លេសេសានជាមួយឪពុកម្តាយរបស់ខ្លួន ហើយឪពុកម្តាយបានបោះតង់ចម្ងាយពីកូនប្រហែល១០០ម៉ែត្រ ហើយកូនរបស់គាត់បានឈរនៅលើដំបូកដីខ្សាច់ខាងក្រោមស្ពានជាមួយក្មេងស្រីៗ២នាក់ ខណៈនោះដែរ ទឹកក៏បានឡើងហើយហូរថែមទៀតផង ស្រាប់តែដំបូកដីខ្សាច់នោះបានបាក់ ហើយធ្លាក់ក្មេងស្រីម្នាក់ចូលក្នុងទឹកទន្លេ។ ភ្លាមនោះដែរ ក្មេងប្រុសនោះឃើញដូច្នេះ ក៏ស្រាតខោរបស់ខ្លួនចុះទៅជួយ ប៉ុន្តែជួយមិនបាន ក៏លង់ខ្លួនឯងលិចបាត់ទៅមិនទាន់រកឃើញផង។ រីឯក្មេងស្រី២នាក់ទៀត ម្នាក់លង់ទឹកស្លាប់ដោយសារមិនចេះហែលទឹក ហើយបានស្លៀកខោកាបូយជើងវែង។ ចំណែកក្មេងស្រីម្នាក់ទៀតចេះហែលទឹក ក៏បានរួចផុតពីសេចក្តីស្លាប់។លោកអធិការបានបញ្ជាក់ទៀតថា បន្ទាប់ពីក្មេងប្រុសនោះបានបាត់ខ្លួនរកមិនទាន់ឃើញ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍រួមមាន កម្លាំងនគរបាលប៉ុស្តិ៍ កម្លាំងអធិការ កម្លាំងប៉េអឹមស្រុក និងប្រជាការពារភូមិ នាំគ្នាយកទូកចុះដើររកក្នុងទឹកគ្រប់ទីកន្លែង ប៉ុន្តែរកមិនទាន់ឃើញ។
លោកថា ក្មេងទាំង៣នាក់លង់ទឹកឈ្មោះ រី សម្ភស្ស ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ២-ឈ្មោះ ឌឿន ស្រីល័ក្ខ អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី(ស្លាប់)។
និង៣-ឈ្មោះ វណ្ណ សុរ៉ាត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី(ស្លាប់)សមត្ថកិច្ចនិងសាច់ញ្ញាតិកំពុងស្វែងរកសាកសពមិនទាន់ឃើញនៅឡើយ។
សពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញ្ញាតិ នៃសពយកទៅធ្វើបុណ្យតាមប្រពៃណី៕