ខេត្តបាត់ដំបង! ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ និងលោកវរសេនីយ៍ទោ ឈុន ឈិត មេបញ្ជាការរងទទួលផែនផ្នែកបុគ្គលិក រួមជាមួយលោកវរសេនីយ៍ត្រី ឃៅ សុភាព មេបញ្ជាការរងទទួលផែនប៉ុស្តិ៍អូរដា បានដឹកនាំនាយ នាយរងផ្នែកទាំង៦ផ្នែក និងមន្រ្តីសិក្ខាកាមចំនួន៦នាក់ សរុប២០នាក់ស្រី១នាក់ ចុះធ្វើកម្មសិក្សានៅតំបន់ព្រំដែនក្នុងភូមិសាស្រ្តប៉ុស្តិ៍ស្វាយចេក រហូតដល់ព្រំប្រទល់ភូមិសាស្រ្តប៉ុស្តិ៍អូរដា។
លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានបញ្ជាក់ថា ក្នុងកិច្ចដឹកនាំមន្រ្តីនិងសិក្ខាកាមចុះធ្វើកម្មសិក្សានាពេលនេះដែរគោលបំណងដើម្បីពិនិត្យភូមិសាស្រ្ត និងពង្រឹងកិច្ចសហការជាមួយកងកម្លាំងកងការពារព្រំដែន៥០៤ និងកងកម្លាំងកងពលតូចថ្មើជើងលេខ៥៣ ដែលប្រចាំការនៅតាមគោលដៅជួរមុខ ចូលរួមបង្ការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ និងក្តាប់សភាពការណ៍តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តស្រុកកំរៀង ។
លោកបានបញ្ជាក់ទៀតថា ជាមួយការចុះអនុវត្តខាងលើនេះដែរ ជាលទ្ធផល សមត្ថកិច្ចជំនាញពិនិត្យឃើញថាពុំមានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់ឡើយ។