ប្រមុខការពារជាតិចិនបានព្រមានអាមេរិកប្រឆាំងនឹងការផ្តោតខ្លាំងរបស់ខ្លួនលើកោះតៃវ៉ាន់។យោងតាមរបាយការណ៍ការសែតNHK ការព្រមាននេះបានកើតឡើងក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Wei Fenghe ជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃពុធ។
ក្រសួងការពារជាតិចិនបាននិយាយថា លោក Wei បានប្រាប់លោក Austin ថា តៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានពីប្រទេសចិន ហើយនេះជាការពិត និងស្ថានភាពដែលគ្មាននរណាម្នាក់អាចផ្លាស់ប្តូរបាន។ប្រមុខការពារជាតិចិនរូបនេះក៏បាននិយាយដែរថា ប្រសិនបើបញ្ហាតៃវ៉ាន់មិនត្រូវបានដោះស្រាយឲ្យបានត្រឹមត្រូវទេ វានឹងជះឥទ្ធិពលអាក្រក់ដល់ទំនាក់ទំនងរវាងចិននិងអាមេរិក។
ការលើកឡើងនេះធ្វើឡើងខណៈក្រុមសមាជិកសភាសហរដ្ឋអាមេរិកបានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីសប្តាហ៍មុន និងបានជួបជាមួយប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen។យោធាចិនបានឆ្លើយតបដោយធ្វើការល្បាតយោធាក្នុងតំបន់ជុំវិញកោះតៃវ៉ាន់។ក្រសួងការពារជាតិអាមេរិកកាលពីថ្ងៃពុធក៏បានចេញផ្សាយរបាយការណ៍ដែលនិយាយថាលោក Austin និងលោក Wei បានពិភាក្សាអំពីទំនាក់ទំនងការពារជាតិរវាងសហរដ្ឋអាមេរិក និងចិន បញ្ហាសន្តិសុខក្នុងតំបន់ និងការលុកលុយដោយឥតញញើតរបស់រុស្ស៊ីលើអ៊ុយក្រែន។
រដ្ឋបាល Biden បានព្រមានថា ចិននឹងខាតបង់ធ្ងន់ធ្ងរប្រសិនបើខ្លួនគាំទ្ររុស្ស៊ី។លោក Wei ក៏បានប្រាប់ទៅវិញដែរថា សហរដ្ឋអាមេរិកមិនគួរ «ជះភក់» ឬគំរាមកំហែងប្រទេសចិនចំពោះបញ្ហាអ៊ុយក្រែននោះទេ៕