ក្រសួងសាធារណៈការនិងដឹកជញ្ជូន កំពុងធ្វើស្ពតវីឌីអូខ្លី ដើម្បីអប់រំ ផ្សព្វផ្សាយ អំពីការប្រើប្រាស់ផ្លូវល្បឿនលឿន តាមរយៈការផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីច្បាប់ និងការប្រើប្រាស់ផ្លូវឱ្យបានត្រឹមត្រូវតាមច្បាប់ចរាចរណ៍ផ្លូវគោក។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសារធារណៈការនិងដឹងជញ្ជូន បានឱ្យដឹងថា ក្រោយពីបើកឱ្យដំណើរការ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនៅខែកក្កដាខាងមុននេះ ក្រសួងបាននឹងកំពុងរៀបចំធ្វើស្ពតវីឌីអូអប់រំដែលទាក់ទងនឹងច្បាប់ ចាក់ផ្សាយតាមទូរទស្សន៍ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ ពីការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងសីហនុ ក្នុងការបើកបរ ឱ្យបានត្រឹមត្រូវជៀសវៀង នៅការប្រើប្រាស់ផ្លូវមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលបានកំណត់។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងដំណើរដឹកនាំប្រតិភូ ព្រះសង្ឃ មន្ត្រីរាជការ និងនិស្សិត ចុះពិនិត្យ និងស្វែងយល់ពីទីតាំងភូមិសាស្ត្រនៃផ្លូវល្បឿនលឿននៅកម្ពុជាលើកដំបូង កាលពីថ្ងៃទី២៦ ខែមេសា ឯកឧត្តម ទេសរដ្ឋ មន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការធ្វើសត្ពវីឌីដូអប់រំនេះឡើងក្នុងគោលបំណងចង់ឱ្យប្រជាពលរដ្ឋគាត់យល់ដឹងឱ្យបានកាន់តែច្បាស់ពីផ្លូវល្បឿនលឿននេះ ដោយសារកន្លងមកប្រទេសកម្ពុជាយើងពុំទាន់មានផ្លូវល្បឿនលឿនទេមានតែផ្លូវជាតិធម្មតា ដូច្នេះទើបហើយក្រសួងបានរៀបចំឱ្យមានសត្ពវីឌីអូអប់រំនេះឡើង។
សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ដំណើរការនៃការដ្ឋានសាងសង់គឺស្ថិតក្នុងដំណាក់កាលនៃការសាងសង់បញ្ចប់ ហើយនិងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ។
ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង មានកន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។
គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕
កុសល