អង្គការនៃប្រទេសនាំចេញប្រេងដែលហៅកាត់ថាOPECកាលពីថ្ងៃព្រហស្បតិ៍បានទម្លាក់ការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចនិងតម្រូវការប្រេងពិភពលោក នៅឆ្នាំនេះ ដោយលើកឡើងពីការរឹតបន្តឹងដែលបណ្ដាលមកពីមេរោគCOVID-19 និងភាពតានតឹងភូមិសាស្ត្រនយោបាយ។អង្គការសម្ព័ន្ធប្រេងមួយនេះបាននិយាយនៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់ខ្លួនថាសេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថានឹងកើនឡើង 3.5 ភាគរយក្នុងឆ្នាំ 2022 បើធៀបនឹងការព្យាករណ៍របស់ខ្លួនដែលមាន3.9ភាគរយកាលពីមួយខែមុន។
អង្គការ OPEC បាននិយាយថា បញ្ហាប្រឈមគួរឱ្យកត់សម្គាល់ដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះរួមមាន ភាពតានតឹងភូមិសាស្ត្រនយោបាយ ការបន្តរាតត្បាតនៃមេរោគកូវីដ ការកើនឡើងអតិផរណា បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែធ្ងន់ធ្ងរ កម្រិតបំណុលអធិបតេយ្យភាពខ្ពស់នៅក្នុងតំបន់មួយចំនួន និងការរំពឹងទុកនៃការរឹតបន្តឹងរូបិយវត្ថុដោយធនាគារកណ្តាលនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន និង តំបន់អឺរ៉ូប។
ក្រុមប្រទេសផលិតប្រេងនេះក៏បានព្យាករណ៍ដែរពីតម្រូវការប្រេងពិភពលោកនៅឆ្នាំនេះថានឹងកើនឡើង3.4លានបារ៉ែលក្នុងមួយថ្ងៃបើធៀបនឹងឆ្នាំមុន ដែលធ្លាក់ចុះ 300,000 បារ៉ែលក្នុងមួយថ្ងៃពីការវាយតម្លៃកាលពីខែមុន។OPEC បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា តម្រូវការប្រេងនៅឆ្នាំ 2022 នឹងត្រូវរងផលប៉ះពាល់ដោយការវិវត្តន៍ភូមិសាស្ត្រនយោបាយដែលកំពុងបន្តនៅអឺរ៉ុបខាងកើត ក៏ដូចជាវិធានការរឹតត្បិតបង្ការជំងឺកូវីដ-១៩៕