មន្ត្រីប៉ូលិសបាននិយាយថា គ្រាប់បែកមួយគ្រាប់បានផ្ទុះឡើងនៅក្នុងទីក្រុងកំពង់ផែ Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់13នាក់រងរបួស ហើយក្នុងចំណោមអ្នករងរបួសទាំងនោះក៏មានមន្រ្តីប៉ូលិសផងដែរ។
ប៉ូលិសបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ហេតុការណ៍ផ្ទុះគ្រាប់បែកនេះបានកើតឡើងនៅក្បែរផ្លូវ MA Jinnah ស្ថិតនៅទីក្រុង Karachi ខេត្ត Sindh ដោយអះអាងថារថយន្តប៉ូលិសជាគោលដៅនៃការវាយប្រហារ។
យោងតាមការស៊ើបអង្កេតបឋម គ្រឿងផ្ទុះត្រូវបានគេដាក់បង្កៃនៅជាប់ម៉ូតូមួយគ្រឿង។កម្លាំងសន្តិសុខ និងក្រុមជួយសង្គ្រោះ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ហើយបានបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យក្បែរនោះភ្លាមៗ ខណៈដែលអ្នករបួសជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។នេះបើតាមការសែតចិនស៊ីនហ៊ួរ។
រហូតមកដល់ពេលនេះគ្មានក្រុមឬបុគ្គលណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនាពេលថ្មីៗនេះនៅឡើយទេ៕