ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអង្គារបានពិភាក្សាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នាជាមួយអធិការបតីអាល្លឺម៉ង់ Olaf Scholz និងប្រធានាធិបតីបារាំង Emmanuel Macronស្ដីពីស្ថានភាពប្រទេស។
ប្រធានាធិបតីអ៊ុយក្រែនបានបង្ហោះសារនៅលើបណ្ដាញសង្គមTwitterថា នៅក្នុងការសន្ទនារបស់គាត់ជាមួយ Scholz រូបលោកបានពិភាក្សាអំពីស្ថានភាពនៅជួរមុខ ទស្សនវិស័យសម្រាប់សន្តិភាព និងការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ីជុំវិញជម្លោះជាមួយអ៊ុយក្រែន។
សម្រាប់នៅក្នុងកិច្ចពិភាក្សាជាមួយលោក Macronវិញ លោក Zelensky បានជូនដំណឹងដល់មេដឹកនាំបារាំងរូបនេះអំពីដំណើរនៃអរិភាពក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ប្រតិបត្តិការជួយសង្គ្រោះយោធាចេញពីរោងចក្រផលិតដែកAzovstal និងចក្ខុវិស័យនៃការរំពឹងទុកនៃដំណើរការចរចាជាមួយរុស្ស៊ី។
លើសពីនេះទៀត លោកZelensky និងលោក Macron ក៏បានពិភាក្សាដែរអំពីការគាំទ្រផ្នែកការពារជាតិសម្រាប់អ៊ុយក្រែន ការរៀបចំកញ្ចប់ទណ្ឌកម្មជុំទី៦ប្រឆាំងនឹងរុស្ស៊ី និងមធ្យោបាយដែលអាចធ្វើទៅបានក្នុងការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែន។មេដឹកនាំទាំងពីររូបនេះ ក៏បានលើកឡើងផងដែរអំពីបញ្ហាការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់អ៊ុយក្រែននិងការដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុបរបស់ប្រទេសអ៊ុយក្រែន៕