អតីតប្រធានក្រុមកាំភ្លើងធំArsenal កីឡាករ Pierre-Emerick Aubameyang ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិហ្គាប៉ុងហើយ ក្រោយពីរូបគេខកខានការប្រកួត African Cup of Nations របស់ប្រទេសហ្គាបុង ដោយសារបញ្ហាសុខភាព។
កីឡាករវ័យ៣២ឆ្នាំខាងលើបច្ចុប្បន្នលេងឱ្យក្លិប FC Barcelona ។ សម្រាប់អាជីពនៅជម្រើសជាតិវិញ រូបគេបានបង្ហាញខ្លួនបាន៧២ប្រកួត និងរកគ្រាប់បាល់បានសរុប៣០គ្រាប់។ ចំនួននេះ បានធ្វើឱ្យរូបគេក្លាយជាអ្នករកគ្រាប់បាល់បានច្រើនបំផុតក្នុងក្រុមជម្រើសជាតិហ្គាប៉ុង ។ ការសម្រេចចិត្តចូលនិវត្តន៍នេះ គឺសហព័ន្ធបាល់ទាត់ហ្គាប៉ុងទទួលបានកាលពីថ្ងៃអង្គារកន្លងទៅ ក្រោមហេតុផលសុខភាព។
Aubameyang បាននិយាយទៅកាន់អ្នកគាំទ្រថា៖«បន្ទាប់ពីចំណាយពេលជាង១០ឆ្នាំក្នុងការលេងតំណាងឱ្យប្រទេស នៅពេលនេះខ្ញុំបានប្រកាសថាខ្ញុំបានបញ្ចប់អាជីពបាល់ទាត់ឱ្យជម្រើសជាតិហើយ។ ខ្ញុំក៏សូមអរគុណដល់អ្នកគាំទ្រហ្គាប៉ុងទាំងអស់ដែលតែងតែគាំទ្រខ្ញុំរហូតមក»៕