សហព័ន្ធបាល់ទាត់អន្ដរជាតិ(FIFA) បានប្រកាសជាផ្លូវការពីវត្តមានអាជ្ញាកណ្ដាលស្រ្តីលើកដំបូងកាត់សេចក្ដីការប្រកួតបាល់ទាត់ផ្នែកបុរសក្នុងព្រឹត្ដិការណ៍Qatar World Cup 2022 ខាងមុខនេះ។
អាជ្ញាកណ្តាលស្ត្រីចំនួន៣រូបនិងជំនួយការអាជ្ញាកណ្តាលស្ត្រីចំនួន៣រូប ត្រូវបានរាយការណ៍ថានឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់លំដាប់ពិភពលោក នៅក្នុងប្រទេសកាតា ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ។
អាជ្ញាកណ្តាល Salima Mukansanga មកពីរវ៉ាន់ដា, Stephanie Frappart មកពីបារាំងនិង Yoshimi Yamashita មកពីជប៉ុន។ ចំណែកជំនួយការអាជ្ញាកណ្តាលមាន Neuza Back មកពីប្រេស៊ីល, Karen Diaz Medina មកពីម៉ិកស៊ិក និង Kathryn Nesbitt មកពីសហរដ្ឋអាមេរិក ត្រូវបានអញ្ជើញឲ្យចូលរួម។
គូសបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍ World Cupនាចុងឆ្នាំនេះ, FIFAបានជ្រើសរើសអាជ្ញាកណ្តាលសរុប ៣៦រូប, ជំនួយការអាជ្ញាកណ្តាល ៦៩រូប និងមន្ត្រីទទួលបន្ទុកវីដេអូការប្រកួត ២៤ ៕