ឧត្តមសេនីយរុស្ស៊ីចូលនិវត្តន៍មួយរូបបានរិះគន់រដ្ឋបាលរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន យ៉ាងចាស់ដៃដោយនិយាយថា ប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែនបាននិងកំពុងចាញ់ទាំងក្នុងសង្គ្រាមយុទ្ធសាស្ត្រ និងព័ត៌មាន ហើយបង្កឱ្យមានភាពឯកោជាប្រវត្តិសាស្ត្ររបស់ប្រទេស។វរសេនីយ៍ឯកចូលនិវត្តន៍លោកឧត្តមសេនីយ៍Leonid Ivashov បាននិយាយនៅក្នុងបទសម្ភាសន៍តាមអ៊ីនធឺណែតជាមួយគ្រឹស្ថានបោះពុម្ពផ្សាយមួយកាលពីដើមខែនេះថា ការគណនាខុសដ៏ធំមួយត្រូវបានធ្វើឡើងនៅក្នុងដំណាក់កាលដំបូងនៃប្រតិបត្តិការ ដែលជាក់ស្តែងបានជាប់គាំង។ លោក Ivashov ក៏បាននិយាយដែរថា រុស្ស៊ីបានចាញ់ក្នុងន័យភូមិសាស្ត្រនយោបាយរួចហើយ ហើយក៏ត្រូវបានចាញ់នៅក្នុងសង្គ្រាមព័ត៌មាននិងចិត្តសាស្រ្តផងដែរ។
លោកបានបន្តរិះគន់រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ដោយកត់សម្គាល់ថាសាលាយោធានិងការបណ្តុះបណ្តាលតែងតែណែនាំកុំឱ្យមើលស្រាលសត្រូវ ដោយបន្ថែមថារុស្ស៊ីមិនមែនមានរដ្ឋមន្ត្រីការពារជាតិដែលមានវិជ្ជាជីវៈតែមួយគត់ទេក្នុងរយៈពេល 20 ឆ្នាំកន្លងមកនេះ។មន្រ្តីយោធាជាន់ខ្ពស់ចូលនិវត្តន៍ខាងលើរូបនេះ បាននិយាយថា រុស្ស៊ីមិនត្រូវនៅឯកោរតទៅទៀតបានទេ។ លោកបានបន្ថែមថា លោក ពូទីន គួរតែស្តាប់តាមដំបូន្មានរបស់អ្នកប្រឹក្សាដ៏ឈ្លាសវៃ។ លោកបានអំពាវនាវឲ្យលោក ពូទីន សុំទោសហើយតែងតាំងអ្នកដែលប្រឆាំងនឹងប្រតិបត្តិការនេះសម្រាប់មុខតំណែងសំខាន់ៗក្នុងជួររដ្ឋាភិបាល។
យ៉ាងណាក៏ដោយ កិច្ចសម្ភាសន៍ខាងលើធ្វើឱ្យមានប្រតិកម្មចម្រុះនៅលើគេហទំព័ររបស់គ្រឹស្ថានបោះពុម្ពផ្សាយនោះ។ អ្នកខ្លះយល់ស្របជាមួយលោក Ivashov ដោយនិយាយថាការព្រមានមិនឱ្យឈ្លានពានត្រូវបានគេមិនអើពើហើយឥឡូវនេះជីវិតកុមារកំពុងត្រូវបានបាត់បង់។ អ្នកផ្សេងទៀតមិនយល់ស្របទេ ដោយនិយាយថា រុស្ស៊ីនឹងត្រូវរងការគំរាមកំហែងដោយប្រទេសលោកខាងលិច ប្រសិនបើប្រទេសនេះមិនធ្វើសកម្មភាព។ ពួកគេបានហៅការអះអាងរបស់ Ivashov ថាមានគំនិតចាស់គំរឹលនិងមិនសមហេតុផល។
លោក Ivashov បាននិយាយកាលពីខែកុម្ភៈ ក្នុងនាមជាមន្ត្រីដ៏មានឥទ្ធិពលចាស់ម្នាក់ថា រុស្ស៊ីគួរតែជៀសវាងសង្រ្គាមដែលគ្មាននរណាម្នាក់ចង់ឃើញ៕