កីឡាករបាល់ទាត់សញ្ជាតិប៉ូឡូញ Robert Lewandowski បាននិយាយថារូបគេនឹងចាកចេញពីក្រុម Bayern Munich នៅចប់រដូវកាលនេះ។
សូមជម្រាបថានៅសល់កុងត្រាជាមួយក្រុមជើងខ្លាំងអាល្លឺម៉ង់ Bayern Munich ១រដូវកាលទៀតតែប៉ុណ្ណោះ។តែយ៉ាងណាក៏ដោយសាមីខ្លួនមិនចង់បានកុងត្រាថ្មីជាមួយក្លិបខាងលើឡើយដោយរូបគេចង់ចាកចេញនៅរដូវក្ដៅនេះតែម្ដង។ ជាក់ស្ដែងនៅមុននេះ Lewandowski បាននិយាយថាអាជីពបាល់ទាត់របស់គេនៅក្លិប Bayern បានបញ្ចប់ហើយ។ គ្រប់យ៉ាងបានកើតឡើងនៅប៉ុន្មានខែចុងក្រោយនេះ ហើយរូបគេក៏មិនអាចបន្ដលេងនៅក្លិបនេះទៀតដែរ។ ជម្រើសល្អសម្រាប់គេ គឺចាកចេញដើម្បីស្វែងរកក្លិបថ្មីលេង។
ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំចូលរួមជាមួយក្រុម Bayern Munich នៅឆ្នាំ២០១៤ និងបានឈ្នះពានរង្វាន់លីគកំពូលអាល្លឺម៉ង់ Bundesliga ៨សម័យកាលមកហើយ។ នារដូវកាលនេះ Lewandowski រកបាន៥០គ្រាប់ក្នុងការបង្ហាញខ្លួន៤៦ប្រកួតនិងរកបានគ្រាប់បាល់សរុបចំនួន ៣៤៤គ្រាប់ក្នុងការបង្ហាញខ្លួន៣៧៥ប្រកួតអោយ Bayern៕