ក្រសួងការបរទេសអាមេរិកនិយាយថា ទីក្រុងវ៉ាស៊ីនតោននៅតែព្រួយបារម្ភអំពីការប៉ុនប៉ងរបស់រុស្ស៊ីក្នុង “ការគ្រប់គ្រងជាស្ថាប័ន” នៅតំបន់Khersonភាគខាងត្បូងអ៊ុយក្រែន។លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថាទីក្រុងមូស្គូហាក់ដូចជាថ្លឹងថ្លែងនូវវិធីសាស្រ្តមួយចំនួន។
អ្នកនាំពាក្យរូបនេះបាននិយាយថា ពួកគេផ្លាស់ប្ដូរ«ពីការទទួលស្គាល់អ្វីដែលគេហៅថា សាធារណៈរដ្ឋប្រជាមានិត ដូចដែលរុស្ស៊ីបានធ្វើដោយបង្ខំនៅ Donetsk និង Luhansk ទៅជាការប៉ុនប៉ងដាក់បញ្ចូលដូចដែលរុស្ស៊ីធ្លាប់បានធ្វើនៅCrimea»។លោកPriceក៏បានបង្ហាញពីទស្សនៈថា រុស្ស៊ីកំពុងដាក់សារៈសំខាន់លើការកាន់កាប់ តំបន់Kherson សម្រាប់ហេតុផលនយោបាយនិងយោធា។
លោកបាននិយាយថា៖«វិមានក្រឹមឡាំងប្រហែលជាមានទស្សនៈថាការកាន់កាប់ដោយបង្ខំនៅតំបន់Khersonនឹងផ្តល់ឱ្យរុស្ស៊ីនូវស្ពានចម្លងទៅកាន់តំបន់គ្រីមៀក៏ដូចជាការទទួលបានជ័យជំនះនិងការប៉ុនប៉ងដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃប្រទេសរុស្ស៊ី ដល់ប្រជាជនរុស្ស៊ីនិងជម្រើសសង្គ្រាមរបស់ពូទីនដែលបានបំផ្លាញជីវិតរាប់ពាន់នាក់»៕