អធិការបតីអាល្លឺម៉ង់ Olaf Scholz បានសន្យាផ្គត់ផ្គង់អ៊ុយក្រែននូវកាំជ្រួចប្រឆាំងយន្តហោះទំនើបបន្ថែមទៀត។ថ្លែងទៅកាន់សភាBundestag កាលពីថ្ងៃពុធ លោក Scholzបាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធ IRIS-T ដែលជាប្រព័ន្ធការពារដែនអាកាសទំនើបបំផុតរបស់ប្រទេសអាល្លឺម៉ង់។លោកបាននិយាយថា ប្រព័ន្ធនេះនឹងអនុញ្ញាតឱ្យអ៊ុយក្រែនការពារទីក្រុងទាំងមូលពីការវាយប្រហារតាមផ្លូវអាកាសពីសំណាក់យោធារុស្ស៊ី។
លោកអធិការបតីក៏បានបង្ហាញដែរថា ក្នុងទិដ្ឋភាពនៃប្រតិបត្តិការការពារដែលកំពុងបន្តដោយកងកម្លាំងអ៊ុយក្រែននៅភាគខាងកើតអ៊ុយក្រែន ទីក្រុងប៊ែរឡាំងបានចាប់ផ្តើមពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោនស្តីពីជំនួយយោធាដល់ទីក្រុងគៀវ។
លោកបានចង្អុលបង្ហាញពីលទ្ធភាពដែលអាល្លឺម៉ង់ផ្តល់ការគាំទ្របន្ថែមទៀតដល់អ៊ុយក្រែន។លោកScholz ក៏បាននិយាយដែរថា ប្រទេសអាល្លឺម៉ង់នឹងបញ្ជូនប្រព័ន្ធកាំភ្លើងធំ រថពាសដែកចំនួន 12 គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយគ្រោងនឹងបញ្ចប់វគ្គបណ្តុះបណ្តាលទាហានអ៊ុយក្រែនឆាប់ៗពីរបៀបប្រតិបត្តិការអាវុធទាំងនេះ៕