ដោយ រតនា
ភ្នំពេញ៖បុរសម្នាក់បើករថយន្ត មួយគ្រឿង មិនបានប្រុងប្រយ័ត្ន ក៏ស្រាប់តែរេចង្កូតបុកក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យ រថយន្តរងការខូចខាតធ្វើដំណើរទៅមុខលែងរួច។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២ ស្ថិតតាមបណ្ដោយផ្លូវមហាវិថីព្រះនរោត្តម ត្រង់ ចំណុច ខាង មុខ ព្រឹទ្ធសភា ក្នុងសង្កាត់ ទន្លេ បាសាក់ ខណ្ឌ ចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ក្រុមការងារឲ្យបានដឹងថា៖ នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្ត ម៉ា ក Cammary Hybrid មួយគ្រឿង ពណ៌ស ពាក់ ស្លាក់ លេខ ភ្នំពេញ 2BN-6532 បាន ធ្វើ ដំណើរតាម បណ្ដោយ ផ្លូវ មហា វិថី ព្រះ នរោត្តម ក្នុង ទិសដៅ ពី ជើង ទៅ ត្បូង ។
ខណៈពេលដែលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ដោយបើកបរក្នុងស្ថានភាពល្បឿនលឿន ថែមទាំងខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូត ទៅបុកក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវ ខូចខាតអស់ចំនួនមួយផ្ទាំង និងបណ្ដាលឲ្យរថយន្តរងការខូចខាតចំផ្នែកខាងមុខនៃចំហៀងខាងឆ្វេងធ្វើដំណើរទៅមុខលែងរួច។
បន្ទាប់ពីកើតហេតុក៏មានវត្តមានរបស់កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ រួចរាយការណ៏បន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការត្រួតពិនិត្យបន្ថែមទៀត នៃជុំវិញករណីមួយនេះផងដែរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានធ្វើការវាស់វែង និងបានយករថយន្តទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយទៅតាមជំនាញផ្លូវច្បាប់ផងដែរ៕