(ឧត្តរមានជ័យ) មន្រ្តីជាន់ខ្ពស់យោធា កម្ពុជា តំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ជួបពិភាក្សាការងារជាមួយ ប្រតិភូជាន់ខ្ពស់យោធាភូមិភាគទី៧កងទ័ព ប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងគោលបំណង ដើម្បីសហការណ៍គ្នា បន្តក្នុងការរកអដ្ធិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា។
ក្នុងជំនួបពិភាក្សានោះដែរលោកឧត្តមសេនីយ៍ទោ តន់ ញាណ បាន សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រតិភូយោធាភូមិភាគទី៧ កងទ័ពប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលកន្លងមកបានសហការគ្នាជាមួយកងទ័ពកម្ពុជា ក្នុងការរកអដ្ធិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ជាពិសេសនោះអដ្ឋិធាតុកងទ័ពដែលបានពលីជីវិតកាលពីសម័យសង្រ្គាមនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលជាសមរភូមិក្តៅចុងក្រោយ បង្អស់នៃការបញ្ចប់សង្គ្រាម។
លោក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យបានបន្តថាចំពោះការពលីរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមកាលពីសម័យសង្រ្គាមនៅកម្ពុជានោះ គឺជាគុណបំណាច់មិនអាចកាត់ថ្លៃបានដែលបងប្អូនហ៊ានលះបង់សាច់ស្រស់ឈាមស្រស់និងបានពលីជីវិតបានបន្សល់ទុកនូវអដ្ឋិធាតុជាច្រើនកន្លែងនៅក្នុងខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយន៍ត្រី ជូ វ៉ាន់បាញ់ អនុប្រធាននយោបាយយោធភូមិភាគទី៧ កងទ័ព ប្រជាជនវៀតណាម បានធ្វើការវាយតម្លៃ និង កោត សរសើរ ខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ កន្លងមក ជាមួយកងទ័ពកម្ពុជា នៅតំបន់ ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ដែលតែង តែជួយ សម្របសម្រួល រាល់បញ្ហា ប្រឈម ផ្សេងៗ ដល់ ក្រុមការងារក្នុងការរុករក អដ្ឋិធាតុ កង ទ័ព ស្ម័គ្រចិត្តវៀតណាម ដែលបានពលីបាត់ជីវិតនៅកម្ពុជា កាលពីសម័យសង្រ្គាម។ ទាំងអស់នេះ សបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ពីចំណងមិត្តភាពរវាងកម្ពុជា-វៀតណាម ឱ្យកាន់តែមានភាព ស្អិតរមួត បន្ថែមទៀត និងជាមិត្តភាពដ៏ រឹងមាំយូរអង្វែងផងដែរ ៕