ទេសរដ្ឋមន្ត្រីរបស់ប្រទេសប៉ាគីស្ថាន លោក Ahsan Iqbal បានស្នើឱ្យពលរដ្ឋកាត់បន្ថយបរិមាណតែ ដែលពួកគេផឹកជារៀងរាល់ថ្ងៃ ដើម្បីជួយរក្សាលំនឹងសេដ្ឋកិច្ច។ លោកបាននិយាយថា ការកាត់បន្ថយបរិមាណតែដែលពលរដ្ឋបរិភោគ អាចជួយបន្ធូរបន្ថយការចំណាយលើទំនិញនាំចូល ដែលមានកម្រិតខ្ពស់។
ប៉ាគីស្ថានកំពុងមានទុនបម្រុងរូបិយប័ណ្ណបរទេសទាប ដែលបច្ចុប្បន្នអាចគ្រប់គ្រាន់សម្រាប់ចំណាយលើការនាំចូលក្នុងរយៈពេលតិចជាងពីរខែប៉ុណ្ណោះ។ ទុនក្នុងដៃទាបនេះទំនងជាអាចបង្ខំប៉ាគីស្ថានឱ្យស្វែងរកមូលនិធិបន្ទាន់។ប្រទេសប៉ាគីស្ថានគឺជាប្រទេសនាំចូលតែដ៏ធំបំផុតរបស់ពិភពលោក ដោយបានទិញក្នុងតម្លៃជាង ៥០១ លានដុល្លារ កាលពីឆ្នាំមុន។
លោក Iqbal បានថ្លែងថា៖ “ខ្ញុំសូមអំពាវនាវដល់ប្រជាជាតិឱ្យកាត់បន្ថយការទទួលទានតែក្នុងបរិមាណមួយទៅពីរពែង ពីព្រោះយើងនាំផលិតផលតែចូលប្រទេសដោយប្រើប្រាស់ប្រាក់កម្ចី”។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថាន។លោកបានស្នើថា អាជីវករក៏អាចបិទតូបនៅម៉ោង៨និង៣០នាទីយប់ ដើម្បីសន្សំសំចៃអគ្គិសនីផងដែរ។
ការអង្វរកនេះបានកើតឡើងនៅពេលដែលទុនបំរុងរូបិយប័ណ្ណបរទេសរបស់ប៉ាគីស្ថានបន្តធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយបានដាក់សម្ពាធលើរដ្ឋាភិបាលឱ្យកាត់បន្ថយការចំណាយលើការនាំចូលខ្ពស់ និងរក្សាមូលនិធិនៅក្នុងប្រទេស។ការអំពាវនាវឱ្យកាត់បន្ថយការផឹកតែបានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមនុស្សជាច្រើនសង្ស័យថាបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងររបស់ប្រទេសអាចត្រូវបានដោះស្រាយដោយការកាត់បន្ថយភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីននេះ៕