បន្ទាយមានជ័យ៖ ផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នង ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតបានរងការខូចខាតស្រាលធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី២០ខែមិថុនាឆ្នាំ២០២២ ពេលនេះកម្លាំងសមត្ថកិច្ចចំរុះកំពុងបើកប្រតិបត្តិការជួយសង្គ្រោះនិងជួសជុលឡើងវិញ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានយើងថានៅរសៀលថ្ងៃនេះក្នុងភូមិសាស្ត្រសង្កាត់និមិត្តក្រុងប៉ោយប៉ែតបានទទួលទឹកភ្លៀងមួយមេយ៉ាងធំដែលលាយឡំជាមួយខ្យល់កន្ត្រាក់ហើយបានធ្វើឱ្យផ្ទះពលរដ្ឋ១៤ខ្នងរងនូវការខូចខាតដោយក្នុងនោះមាន៤ខ្នងបានរងការខូចខាតធ្ងន់ធ្ងរ។ដោយមើលឃើញពីទំហំខូចខាតកម្លាំងនគរបាលបានចូលរួមជាមួយរដ្ឋបាលក្រុងជួយអន្តរាគមន៍សង្គ្រោះនិងជួសជុលផ្ទះជូនពលរដ្ឋឡើងវិញ។
ជុំវិញការដឹកនាំអន្តរាគមន៍សង្គ្រោះនិងជួសជុលនេះលោក ហឿន វិរៈ អភិបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថាហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ ថ្វីត្បិតមានលក្ខណះកាចសាហាវបន្តិចមែន ប៉ុន្តែមិនបានបង្កឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុនេះទេ ហើយផ្ទះបងប្អូនដែលរងគ្រោះកម្លាំងសមត្ថកិច្ចចំរុះបាននិងកំពុងជួសជុលជិតរួចរាល់ហើយដែរ។