ភ្នំពេញ÷បុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់ទៀត បើករថយន្ត Ford Ranger ចេញពីការាសសាំងមិនប្រយ័ត្នបណ្ដាលឱ្យធ្លាក់ចូលក្នុងប្រឡាយលូទឹកស្អុយ រងការខូចខាត តែសំណាងល្អមិនបង្កឱ្យមានអ្នករបួស។ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខការាស សាំង យីហោ PAPA តាមបណ្ដោយផ្លូវប្រឡាយលូទួលពង្រ ស្ថិតក្នុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបុគ្គលិកចាក់សាំង នៅកន្លែងកើតហេតុខាងលើបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់ទៀតបើករថយន្ត Ford Rancher ពណ៌សពាក់ស្លាកលេខភ្នំពេញ2BL-9282 ដោយមិនដឹងបើកបរមកពីខាងណានោះ ទេ បានមកឈប់ចតនៅការាសសាំងកន្លែងកើតហេតុខាងលើ។
លុះមួយសន្ទុះធំក្រោយមកក៏បានបើករថយន្តចេញទៅស្រាប់តែដាំក្បាលធ្លាក់ចូលប្រឡាយលូទឹកស្អុយបណ្ដាលឱ្យរងការខូចខាតតែសំណាងល្អមិនបង្កឱ្យមានរបួសនោះទេក្នុងករណីខាងលើនេះមិនបណ្ដាលឲ្យខូចខាតដល់សម្បត្តិសាធារណៈនោះឡើយ។
ក្រោយកើតហេតុភ្លាមៗម្ចាស់រថយន្តបានទំនាក់ទំនងហៅរថយន្តស្ទូចមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕